(តូក្យូ)៖ សហព័ន្ធកីឡាតេន្នីសអន្តរជាតិ (ITF) បានឲ្យដឹងថា ការប្រកួតវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍ Tokyo Olympics ក្នុងឆ្នាំនេះ នឹងត្រូវពន្យារពេល ១សប្តាហ៍ ពោលគឺរហូតដល់ថ្ងៃទី១៤ ខែមិថុនា ដើម្បីសម្រួលពេលដល់ការប្រកួតក្នុងព្រឹត្តិការណ៍ French Open ដែលត្រូវបានគេពន្យារពេលដែរនោះ ដោយសារជំងឺ COVID-19។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។

សហព័ន្ធកីឡាតេន្នីសបារាំងកាលពីសប្តាហ៍មុនបានលើកឡើងថា ការប្រកួតនៅលើទីលានដីឥដ្ឋ Grand Slam ត្រូវធ្វើឡើងក្រោយ ១សប្តាហ៍ នៃគម្រោងដើម ដោយត្រូវចាប់ផ្តើមពីថ្ងៃទី២៤ ខែឧសភា ហើយបញ្ចប់ទៅវិញនៅថ្ងៃទី១៣ ខែមិថុនា។

ការប្រកួតកីឡាតេន្នីសក្នុងយុទ្ធនាការ Olympics នឹងមានកីឡាករ-កីឡាការិនីសរុបចំនួន ៦៤នាក់ ក្នុងវិញ្ញាសាឯកត្តជនបុរស និងនារី ចែកចេញជា ៣២ក្រុមក្នុងវិញ្ញាសាវាយគូបុរស និងនារី និង១៦ក្រុមវិញ្ញាសា វាយគូបញ្ចូលគ្នា។

ព្រឹត្តិការណ៍ Tokyo Games នឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំនេះនៅទីក្រុង Tokyo ប្រទេសជប៉ុនតែមួយគត់៕