(តូក្យូ)៖ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរីរបស់ជប៉ុន Liberal Democratic Party លោក Toshihiro Nikai បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា ការលុបចោលព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic Games នៅរដូវក្តៅនេះ អាចជាជម្រើសមួយ ប្រសិនបើស្ថានភាពជំងឺ COVID-19 បន្តកាន់តែអាក្រក់ទៅ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។

លោក Nikai ជាមេដឹកនាំលំដាប់ទី២ នៃបក្សកំពុងកាន់អំណាចរបស់នាយករដ្ឋមន្ត្រី Yoshihide Suga បានលើកឡើងនៅក្នុងកម្មវិធីទូរទស្សន៍មួយថា ការលុបចោលព្រឹត្តិការណ៍កីឡានេះ អាចជាជម្រើសមួយ ប្រសិនបើការរីករាលដាលនៃជំងឺ COVID-19 ដែលបង្ខំឲ្យអ្នករៀបចំកម្មវិធី ពិបាកក្នុងការរៀបចំព្រឹត្តិការណ៍ឡើង។

ការលើកឡើងរបស់លោកបានធ្វើឡើង បន្ទាប់ពីទីក្រុងតូក្យូ នៅថ្ងៃពុធបានចាប់ផ្តើមរាប់ថយក្រោយ ១០០ថ្ងៃរហូតដល់ថ្ងៃចាប់ផ្តើមព្រឹត្តិការណ៍ ដែលត្រូវបានគេពន្យារពេលម្តងរួចទៅហើយនេះ ជាមួយនឹងការព្រួយបារម្ភថា ករណីឆ្លងជំងឺ COVID-19 ទាំងក្នុង និងក្រៅទីក្រុងតូក្យូ អាចនឹងកាន់តែអាក្រក់ឡើង។

មានការឆ្លងរីករាលដាលឡើងវិញខ្លាំងនៃជំងឺ COVID-19 ដែលប្រធានគណៈកម្មាធិការ COVID-19 របស់រដ្ឋាភិបាលបានព្រមានថា ជប៉ុនបានចូលទៅកាន់ការឆ្លង «រលកទី៤»

គួរបញ្ជាក់ថា Tokyo Olympics ត្រូវបានពន្យារពេលកាលពីឆ្នាំមុន ដោយសារតែការររីករាលដាល COVID-19 ហើយគ្រោងនឹងរៀបចំឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕