(តូក្យូ)៖ ប្រធានព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic លោកស្រី Seiko Hashimoto បានលើកឡើងនៅថ្ងៃសុក្រនេះថា Olympic Games នឹងមិនត្រូវបានលុបចោល ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 នោះទេ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

«ខ្ញុំដឹងថាវាមានការព្រួយបារម្ភច្រើន ប៉ុន្តែក្នុងនាមគណៈកម្មាធិការរៀបចំ Tokyo 2020 យើងមិនបានគិតអំពីការលុបចោលកម្មវិធីនេះនោះទេ» នេះបើតាមលោកស្រី Hashimoto បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយ។

លោកស្រីបានប្តេជ្ញាថា ទីក្រុងតូក្យូនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡានេះប្រកបដោយសុវត្ថិភាព និងសន្តិសុខគ្រប់គ្រាន់ តាមរយៈការចាត់វិធានការប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។

ការលើកឡើងរបស់លោកស្រី ដែលជាអតីតរដ្ឋមន្ត្រីអូឡាំពិកជប៉ុនរូបនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើង របស់អគ្គលេខាធិការបក្សកំពុងកាន់អំណាច LDP ជប៉ុន លោក Toshihiro Nikai ដែលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡានេះ អាចនឹងត្រូវបានលុបចោល ប្រសិនបើ «វាមិនអាចធ្វើទៅរួច»

ភ្លាមៗនោះផងដែរ នាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានចេញសេចក្តីថ្លែងការណ៍មួយដោយសន្យាថា រដ្ឋាភិបាលជប៉ុន មិនមានការផ្លាស់ប្តូរជំហររបស់ខ្លួននោះទេ ក្នុងការប្រារព្ធព្រឹត្តិការណ៍នេះប្រកបដោយ «សុវត្ថិភាព និងសន្តិសុខបំផុត»