(ក្រុងរ៉ូម)៖ ខ្សែការពារក្លិបបាល់ទាត់ AS Roma កីឡាករ Chris Smalling ត្រូវបានក្រុមចោរចូលប្លន់ដល់ក្នុងផ្ទះរបស់លោកនៅទីក្រុង Rome ប្រទេសអ៊ីតាលី នាវេលាជិតភ្លឺថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។ នេះបើតាមការបញ្ជាក់ពីប្រភពដែលជិតស្និតនឹងកីឡាករ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

ប្រភពបន្ថែមថា ភរិយា កូន ម្តាយ និងសមាជិកគ្រួសាររបស់កីឡាករ Smalling ក៏ស្ថិតនៅក្នុងផ្ទះដែលមានទីតាំងនៅតាមបណ្តោយផ្លូវ Appian Way ភាគខាងត្បូងទីក្រុង Rome ផងដែរ ពេលហេតុការណ៍បានកើតឡើង។

ក្រុមចោរមានគ្នា ៣នាក់បានចូលទៅកាន់ផ្ទះរបស់ Smalling នៅវេលាម៉ោងប្រមាណ ៥ទៀបភ្លឺ ហើយបានបង្ខំឲ្យភរិយា Smalling បើកទូដែកសុវត្ថិភាព និងបានយកនាឡិកា Rolex ៣គ្រឿង គ្រឿងអលង្ការ និងលុយសុទ្ធប្រមាណ ៣០០អឺរ៉ូ (៣៥៩.៤៦ដុល្លារអាមេរិក) នេះបើយោងតាម Corriere dello Sport ដែលជាសារព័ត៌មានកីឡាប្រចាំថ្ងៃសំខាន់របស់ទីក្រុង Rome បានចេញផ្សាយ។

ភ្លាមៗនោះផងដែរមិនទាន់អាចទំនាក់ទំនង ដើម្បីសុំការបកស្រាយពីកីឡាករវ័យ ៣១ឆ្នាំ Smalling អតីតកីឡាករខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស និងបច្ចុប្បន្នជាខ្សែការពាររបស់ក្លិប Roma ដែលលេងនៅ Serie A នោះទេ។

Smalling ត្រូវបានដកឈ្មោះចេញពីការប្រកួតជើងទី២ វគ្គ ៨ក្រុមចុងក្រោយពាន Europa League របស់ក្លិប Roma តទល់ជាមួយក្លិប Ajax Amsterdam របស់ហូឡង់នៅរាត្រីថ្ងៃព្រហស្បតិ៍ ដោយសារបញ្ហារបួសជង្គង់នៅពេលបញ្ចប់លទ្ធផលស្មើគ្នា ១-១៕