(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានជ្រើសរើសយកក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋី Elon Musk ឲ្យទទួលកិច្ចសន្យាទំហំ២.៩ពាន់លានដុល្លារ ដើម្បីផលិតយានសម្រាប់នាំយកអវកាសយានិករបស់ខ្លួន ចុះចតទៅលើផ្ទៃព្រះច័ន្ទនៅឆ្នាំ២០២៤ ក្រោមកម្មវិធី Artemis។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១។

យោងតាមផែនការដែលបានគ្រោងទុក នៅឆ្នាំ២០២៤ អវកាសយានិកសរុប០៤នាក់ នឹងចាកចេញពីផែនដីនៅលើយានអវកាស Orion តាមរយៈគ្រាប់រ៉ុក្កែត SLS ដែលទាំងពីរកំពុងត្រូវអភិវឌ្ឍឡើងដោយ NASA ផ្ទាល់។ បន្ទាប់មកទៀត អវកាសយានិកពីរនាក់ នឹងត្រូវផ្ទេរចេញទៅកាន់យានរបស់ក្រុមហ៊ុន SpaceX ដើម្បីចុះទៅកាន់ផ្ទៃព្រះច័ន្ទ ជាទីដែលពួកគេនឹងត្រូវចំណាយពេលប្រហែលមួយសប្តាហ៍។ រួចហើយអវកាសយានិកទាំងពីរនាក់ នឹងឡើងយានរបស់ SpaceX ដើម្បីត្រឡប់ទៅជួបយាន Orion វិញ។

គួរបញ្ជាក់ថា កន្លងមកនេះ មានក្រុមហ៊ុនធំៗចំនួន០៣ បានប្រកួតប្រជែងគ្នាសម្រាប់កិច្ចសន្យារបស់ NASA ក្នុងនោះក្រៅពី SpaceX គឺរួមមានក្រុមហ៊ុន Blue Origin របស់កំពូលមហាសេដ្ឋី Jeff Bezos ដែលធ្វើការជាមួយក្រុមហ៊ុនមួយចំនួនទៀត ហើយនិងក្រុមហ៊ុន Dynetics។ យានរបស់ក្រុមហ៊ុន SpaceX ដែលនឹងត្រូវប្រើសម្រាប់ការចុះចតលើផ្ទៃព្រះច័ន្ទនោះ គឺនាវាអវកាស Starship ដែល SpaceX កំពុងខំប្រឹងប្រែងធ្វើតេស្ត៕