(ឌូបៃ)៖ រដ្ឋមន្ត្រីការបរទេសកាតាបានលើកឡើងថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) នៅឆ្នាំក្រោយ ហើយបានស្ថិតក្នុងការពិភាក្សាជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់វ៉ាក់សាំង ដើម្បីធានាថា គ្រប់អ្នកចូលរួមទាំងអស់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។ នេះបើតាមសារព័ត៌មានរដ្ឋរបស់កាតា QNA បានចេញផ្សាយនាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

«ឥឡូវនេះ មានកម្មវិធីកំពុងស្ថិតក្រោមការវិវឌ្ឍន៍ ដើម្បីផ្តល់ការចាក់វ៉ាក់សាំងជូនគ្រប់អ្នកចូលរួមទាំងអស់នៃព្រឹត្តិការណ៍ World Cup។ យើងនឹងអាចធ្វើទៅបាន ហើយជឿជាក់ថា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះដោយគ្មានមេរោគ COVID-19» នេះបើតាមសំដីលោក Sheikh Mohammed bin Abdulrahman al-Thani ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតាបានឲ្យដឹងយ៉ាងដូច្នេះ។

ជាមួយគ្នានោះដែរ ប្រធាន FIFA លោក Gianni Infantino បានលើកឡើងកាលពីខែកុម្ភៈថា ការប្រកួត World Cup 2022 នឹងធ្វើឡើងដោយមានអ្នកទស្សនាពេញកីឡដ្ឋានក្នុងប្រទេសកាតា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ដែលកាតាជាអ្នកធ្វើជាម្ចាស់ផ្ទះនោះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូខាងមុខ៕