(ភ្នំពេញ)៖ នៅក្នុងសង្គមមួយតែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមក ដោយទំនាក់ទំនងទាំងនោះអាចបង្កើតទៅជាចំណងគតិយុត្តជាច្រើន ហើយក្នុងករណីដែលភាគី ឬបុគ្គលណាមួយមិនបានអនុវត្តកាតព្វកិច្ចទាំងនោះ នឹងបង្កើតឱ្យមានវិវាទ។ ជាមួយគ្នាផងដែរ ក្នុងការដោះស្រាយវិវាទខាងលើនេះ ក្រមនីតិវិធីរដ្ឋប្បវេណីបានកំណត់អំពី យន្តការដោះស្រាយវិវាទ ក៏ដូចជាយន្តការអនុវត្តសិទ្ធិតាមផ្លូវតុលាការ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋក្នុងសង្គម។ លើសពីនេះទៅទៀត ដើម្បីធានាឱ្យបាននូវប្រសិទ្ធិភាពនៃការអនុវត្តដោយបង្ខំនាពេលអនាគត គឺត្រូវការជាចាំបាច់នូវ ការចាត់ចែងរក្សាការពារ។

តើអ្វីជាការចាត់ចែងរក្សាការពារ? តើការចាត់ចែងរក្សាការពារមានប៉ុន្មានប្រភេទ? តើស្ថាប័នណាមានសមត្ថកិច្ចក្នុងការចេញដីកាសម្រេចរក្សាការពារ? ហើយដើម្បីស្នើសុំដីការក្សាការពារបាន តើបុគ្គលដែលមានសិទ្ធិជាម្ចាស់បំណុលត្រូវធ្វើអ្វីខ្លះ?

ដូច្នេះក្នុងសប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «នីតិវិធីនៃការចាត់ចែងរក្សាការពារ» មកធ្វើការបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖

នីតិវិធីនៃការរក្សាការពារ គឺជានីតិវិធីមួយដែលមានគោលបំណងការពារ និងថែរក្សាស្ថានភាពបច្ចុប្បន្នដោយប្រើអំណាចរបស់រដ្ឋ ដើម្បីការពារនូវសិទ្ធិរបស់បុគ្គលណាម្នាក់ ប្រសិនបើមានការបារម្ភថា ការអនុវត្តដោយបង្ខំនឹងមិនអាចធ្វើទៅបាន ឬនឹងមានការលំបាកយ៉ាងខ្លាំងក្នុងការអនុវត្តដោយបង្ខំ ដោយសារមានការប្រែប្រួលស្ថានភាពបច្ចុប្បន្ន នៃទ្រព្យសម្បត្តិរបស់កូនបំណុលនៃការអនុវត្ត ឬប្រសិនបើមានការបារម្ភថា នឹងមានការខូចខាតធ្ងន់ធ្ងរ ឬគ្រោះថ្នាក់បន្ទាន់ដល់ឋានៈរបស់ភាគីណាមួយ ដោយសារមានវិវាទអំពីទំនាក់ទំនងនៃសិទ្ធិ បុគ្គលដែលមានបំណងចង់ការពារសិទ្ធិរបស់ខ្លួន អាចទាមទារការចាត់ចែងរក្សាការពារតាមបញ្ញត្តិនៃគន្ថីនេះ លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេសក្នុងច្បាប់ផ្សេង។

ការចាត់ចែងរក្សាការពារមាន ០៣ប្រភេទដូចបានកំណត់នៅក្នុងចំណុចនីមួយៗខាងក្រោម៖

ក. ការរឹបអូសជាបណ្ដោះអាសន្ន៖ ការចាត់ចែងដែលកម្រិតនូវការចាត់ចែងទ្រព្យសម្បត្តិរបស់កូនបំណុល ដើម្បីរក្សាការពារការអនុវត្តដោយបង្ខំ ចំពោះសិទ្ធិលើបំណុលដែលមានគោលបំណងឱ្យសងជាប្រាក់។
ខ. ការចាត់ចែងជាបណ្ដោះអាសន្នចំពោះវត្ថុដែលជាកម្មវត្ថុនៃវិវាទ៖ ការចាត់ចែងដែលរក្សាទុកនូវស្ថានភាពបច្ចុប្បន្ន នៃវត្ថុដែលជាកម្មវត្ថុនៃវិវាទ ក្នុងករណីដែលមានការបារម្ភថា ម្ចាស់បំណុលនឹងមិនអាចអនុវត្តសិទ្ធិ ឬនឹងមានការលំបាកយ៉ាងខ្លាំងក្នុងការអនុវត្តសិទ្ធិ ដោយសារមានការប្រែប្រួលស្ថានភាពបច្ចុប្បន្ននៃវត្ថុនោះ។
គ. ការចាត់ចែងជាបណ្ដោះអាសន្នដែលកំណត់ឋានៈជាបណ្ដោះអាសន្ន៖ ការចាត់ចែងដែលកំណត់ស្ថានភាពជាបណ្ដោះអាសន្នរហូតដល់សាលក្រម ឬសាលដីកាចូលជាស្ថាពរ ក្នុងករណីដែលមានភាពចាំបាច់ដើម្បីជៀសវាងការខូចខាតធ្ងន់ធ្ងរ ឬគ្រោះថ្នាក់បន្ទាន់ដែលនឹងកើតមានឡើងដល់ម្ចាស់បំណុល ចំពោះទំនាក់ទំនងគតិយុត្តដែលមានវិវាទ។

ម្យ៉ាងទៀតដើម្បីអាចអនុវត្តរក្សាការពារបានលុះត្រាតែស្របតាម មាត្រា៥៣២ អំពីស្ថាប័នចាត់ចែងរក្សាការពារជាបណ្ដោះអាសន្ន និងមាត្រា ៥៣៣ សមត្ថកិច្ចរបស់តុលាការដែលត្រូវធ្វើរួមមាន៖

១. ដីកាសម្រេចក្នុងការចាត់ចែងរក្សាការពារ ត្រូវធ្វើឡើងដោយតុលាការតាមពាក្យសុំ។
២. ការអនុវត្តការចាត់ចែងរក្សាការពារ ត្រូវធ្វើឡើងដោយតុលាការ ឬអាជ្ញាសាលាតាមពាក្យសុំ។
៣. តុលាការដែលត្រូវអនុវត្តការចាត់ចែងរក្សាការពារ តាមបញ្ញត្តិនៃគន្ថីនេះ ត្រូវហៅថា តុលាការអនុវត្តការរក្សាការពារ។
៤. បញ្ញត្តិនៃកថាខណ្ឌទី៤ នៃមាត្រា៣៣៦ (ស្ថាប័នអនុវត្ត) នៃក្រមនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះការអនុវត្តការចាត់ចែងរក្សាការពារ ដែលធ្វើឡើងដោយអាជ្ញាសាលា។

បន្ថែមពីនេះទៀត ពាក្យសុំដីកាសម្រេចរក្សាការពារ ត្រូវតែធ្វើជាលាយល័ក្ខណ៍អក្សរ ដោយពាក្យសុំទាំងនោះ រួមមានដូចខាងក្រោម៖

ក. ពាក្យសុំឱ្យចេញដីកាសម្រេចរក្សាការពារ។
ខ. ពាក្យបណ្ដឹងជំទាស់ចំពោះដីកាសម្រេចលើកចោលពាក្យសុំឱ្យចេញដីកាសម្រេចរក្សាការពារ។
គ. ពាក្យសុំតវ៉ាចំពោះការរក្សាការពារ។
ឃ. ពាក្យសុំឱ្យលុបចោលដីកាសម្រេចរក្សាការពារ។
ង. ពាក្យបណ្ដឹងជំទាស់ដែលបានកំណត់នៅក្នុងមាត្រា ៥៦១ (បណ្ដឹងជំទាស់) នៃក្រមនេះ។
ច. ពាក្យសុំឱ្យអនុវត្តការរក្សាការពារ។

ដោយឡែកក្នុងក្រមនីតិវិធីរដ្ឋប្បវេណីក៏មានកំណត់អំពីសោហ៊ុយនៃការដាក់ពាក្យសុំនីមួយៗ ដូចមានកំណត់ដូចខាងក្រោម គឺ៖

១. ក្នុងករណីដែលដាក់ពាក្យសុំឱ្យចេញដីកាសម្រេចរក្សាការពារ អ្នកដែលដាក់ពាក្យសុំត្រូវបង់ពន្ធចំនួន៥.០០០ (ប្រាំពាន់) រៀលទៅតុលាការ។
២. ពេលដាក់ពាក្យសុំឱ្យធ្វើការអនុវត្តការរក្សាការពារទៅតុលាការអនុវត្តការរក្សាការពារអ្នកដែលដាក់ពាក្យសុំ ត្រូវបង់ជាមុននូវចំនួនទឹកប្រាក់ដែលកំណត់ដោយតុលាការអនុវត្តការរក្សាការពារ ដែលជាសោហ៊ុយចាំបាច់សម្រាប់នីតិវិធីអនុវត្តការរក្សាការពារ។
៣. ប្រសិនបើអ្នកដែលដាក់ពាក្យសុំមិនបានបង់សោហ៊ុយនោះទុកជាមុនទេ តុលាការអនុវត្តការរក្សាការពារ អាចលើកចោលពាក្យសុំឱ្យធ្វើការអនុវត្តការរក្សាការពារ ឬអាចលុបចោលនូវនីតិវិធីអនុវត្តរក្សាការពារបាន។
៤. ចំពោះដីកាសម្រេចលើកចោលនូវពាក្យសុំ តាមបញ្ញត្តិនៃកថាខណ្ឌទី៣ អាចប្ដឹងជំទាស់បាន។
៥. ក្នុងករណីដែលដាក់ពាក្យសុំឱ្យអនុវត្តការរក្សាការពារចំពោះអាជ្ញាសាលា អ្នកដែលដាក់ពាក្យសុំត្រូវបង់ពន្ធតាមបញ្ញត្តិដែលបានកំណត់ផ្សេង។

ជារួមមកនីតិវិធីរក្សាការពារ មានលក្ខណៈបណ្ដោះអាសន្ន បន្ទាប់បន្សំ បន្ទាន់ និងសំងាត់ ដែលមានគោលបំណង ធានាប្រសិទ្ធិភាពនៃការអនុវត្តដោយបង្ខំ និងបង្ការកុំឱ្យប៉ះពាល់ដល់នីតិវិធីអនុវត្តដោយបង្ខំ ដោយសារមានការប្រែប្រួលស្ថានភាពនៃទ្រព្យ ឬការខូចខាតធ្ងន់ធ្ងរ ឬគ្រោះថ្នាក់បន្ទាន់ដល់ឋានៈភាគីណាមួយ ដែលធ្វើឱ្យខូចប្រយោជន៍ដល់ម្ចាស់បំណុលក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន៕

រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងលោកស្រី យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖[email protected] គេហទំព័រ៖www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group