(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងតែស្វែងរកវិធីសាស្ត្រ ផ្ដាច់ ខ្លួនចេញពីលោក Jack Ma ដែលជាខ្នងបង្អែកដ៏ធំ ដែលព័ត៌មាននេះត្រូវបានប្រភពជិតស្និទ្ធទម្លាយប្រាប់សារព័ត៌មាន និងត្រូវបាន ចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

ប្រភពខាងលើបានអះអាងថា ក្រោយពីមានការជួបប្រជុំជាមួយនឹងនិយ័តករ រួមនឹងមន្ត្រីរដ្ឋាភិបាលចិន ក្រុមហ៊ុន Ant Group បាន យល់ព្រមក្លាយខ្លួនជា ក្រុមហ៊ុនឯករាជថ្មីមួយ ដែលចុះបញ្ជីជាក្រុមហ៊ុនហិរញ្ញវត្ថុ ស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារកណ្ដាលចិន ហើយនៅពេលនេះក៏កំពុងរកវិធីសាស្ត្រដោះខ្លួនចេញពីលោក Jack Ma ផងដែរ។

លោក Jack Ma ត្រូវបានគេដឹងថា ជាម្ចាស់ភាគហ៊ុនធំបំផុតនៅក្នុងក្រុមហ៊ុន Ant Group ហើយមូលហេតុដែលនាំឱ្យក្រុមហ៊ុន មួយ នេះមិនអាចឈានជើងចូលទីផ្សារភាគហ៊ុនបានក៏ដោយសារតែលោក Jack Ma បានរិះគន់ទៅលើប្រព័ន្ធច្បាប់របស់ប្រទេសចិន ដែល នាំឱ្យប៉ះពាល់ដល់ ក្រុមហ៊ុន Alibaba និងក្រុមហ៊ុនដទៃទៀតដែលស្ថិតក្រោមការគ្រប់គ្រង់របស់លោក Jack Ma ក្នុងនោះក៏មាន Ant Group។

បើតាមប្រភពដដែលបានបន្តទៀតថា ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Ant Group កំពុងស្វែងរកវិធីសាស្ត្រសមស្របណាមួយ ដែល មិនប៉ះពាល់ដល់ដំណើរការចុះបញ្ជី និងអាចឈានទៅដល់ការចូលក្នុងផ្សារហ៊ុន ប៉ុន្តែបញ្ហាធំគឺអាស្រ័យលើការសម្រេចចិត្ត របស់ លោក Jack Ma ដូច្នេះហើយគឺពួកគេត្រូវការពេលវេលា។

វិធីសាស្ត្រដែលពួកគេបាននិងកំពុងតែគិតនោះគឺអាចឱ្យលោក Jack Ma ធ្វើការលក់ហ៊ុនរបស់ខ្លួនដែលមាននៅក្នុងក្រុមហ៊ុន Ant Group ឱ្យទៅភាគីណាផ្សេង ប៉ុន្តែត្រូវស្ថិតក្រោមការយល់ព្រមពីនិយ័តករ និង ក្រុមប្រឹក្សាភិបាល ជាពិសេសគឺមិនអាចលក់ទៅឱ្យ សាច់ញាត្តិ ឬមនុស្សដែលជិតស្និទ្ធនឹងលោកឡើយ។

បើតាមការចុះផ្សាយរបស់ Reuters បានឱ្យដឹងថា មើលទៅ ក្រុមហ៊ុន Ant Group ប្រហែលជាត្រូវដាក់សម្ពាធធ្ងន់ធ្ងរទៅលើ លោក Jack Ma ក្នុងកិច្ចការមួយនេះ បើមិនដូច្នេះទេ ពួកគេមិនអាចដំណើរការក្រុមហ៊ុន Ant Group បានដោយរលូនឡើងវិញនោះទេ៕