(ហ្វីលីពីន)៖ នៅភាគទី៩ ប្រិយមិត្តប្រាកដជាបានដឹងអំពីព្រឹត្តិការណ៍អាណានិគមនៅប្រទេសព្រុយណេរួចមកហើយ ហើយនៅភាគទីដប់នេះ យើងខ្ញុំសូមលើកឡើងនូវព្រឹត្តិការណ៍អាណានិគមនៅប្រទេសហ្វីលីពីនវិញម្ដង។ ហ្វីលីពីន ថ្វីដ្បិតស្ថិតនៅក្នុងតំបន់អាស៉ីក៏ពិតមែន ប៉ុន្តែវប្បធម៌ប្រទេសនេះបានជ្រួតជ្រោបទៅដោយវប្បធម៌របស់អឺរ៉ុបច្រើនជាងប្រទេសអាស៉ីដទៃទៀត។

ភស្តុតាងប្រវត្តិសាស្ត្របានបង្ហាញថា មនុស្សបានមករស់នៅលើទឹកដីហ្វីលីពីនតាំងពីជាង ៤០,០០០ ឆ្នាំមុនមកម្ល៉េះ ជាមួយនឹងរបរកសិកម្មនៅតាមជម្រាលភ្នំដើម្បីចិញ្ចឹមជីវិត។ កាលដើមឡើយ ប្រជាជនម្ចាស់ស្រុកទាំងនោះមានលក្ខណៈរស់នៅរប៉ាត់រប៉ាយនៅតាមទីប្រជុំកោះនានា រហូតដល់បានបង្កើតអាណាចក្រតូចមួយមានឈ្មោះថា អាណាចក្រសេប៊ូ (Kingdom of Cebu) ដែលលាតសន្ធឹងចាប់ពីប្រជុំកោះហ្វីលីពីនទៅដល់កោះបរនេអូបច្ចុប្បន្ន។

នៅគ្រិស្ដសករាជ ១៥២១ អ្នករុករកជនជាតិអេស្ប៉ាញម្នាក់ឈ្មោះ ហ្វ៊ែរឌីណង់ ម៉ាសេឡង់ (Ferdinand Magellan) បានមកដល់អាណាចក្រសេប៊ូនេះ ហើយលោកក៏បានស្លាប់នៅទីនោះតែម្ដងទៅ។

មិនបានប៉ុន្មាន នៅគ្រិស្ដសករាជ ១៥៦៥ ពួកអេស្ប៉ាញក៏បានចូលដាក់អាណានិគមលើអាណាចក្រសេប៊ូទាំងស្រុង និងបានបង្កើតរដ្ឋធានីម៉ានីល (Manilla) នៅគ្រិស្ដសករាជ ១៥៧១ ដើម្បីធ្វើជាមូលដ្ឋានគ្រប់គ្រងអំណាចកណ្ដាលនៃនយោបាយអាណានិគមរបស់ខ្លួននៅតំបន់អាស៉ីអាគ្នេយ៍ដែនកោះ។ ឈ្មោះ «ហ្វីលីពីន» នេះ គឺជាឈ្មោះថ្មីដែលហៅតាមពួកអាណានិគមអេស្ប៉ាញ ដោយដាក់តាមព្រះនាមស្ដេចអេស្ប៉ាញមួយអង្គ គឺព្រះចៅហ្វីលីពទី២ (King Phillip II)។ ពួកអាណានិគមអេស្ប៉ាញនៅហ្វីលីពីន ក៏ធ្លាប់មានទំនាក់ទំនងជាមួយព្រះរាជាណាចក្រខ្មែរច្រើនណាស់ដែរនាសម័យលង្វែក ពិសេសក្នុងរាជ្យព្រះបាទសត្ថាទី១ និងព្រះបាទរាមាជើងព្រៃ។

អស់រយៈពេលជាង ៣០០ ឆ្នាំ ដែលហ្វីលីពីនស្ថិតនៅក្រោមអាណានិគមរបស់អេស្ប៉ាញ ជាហេតុធ្វើឱ្យប្រទេសមួយនេះ សម្បូរទៅដោយអ្នកកាន់សាសនាគ្រិស្តនិកាយកាតូលិកច្រើនបំផុតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។

នៅគ្រិស្ដសករាជ ១៨៩៨ ប្រជាជននៅហ្វីលីពីនបានរួមកម្លាំងគ្នាប្រឆាំងនឹងពួកអាណានិគមអេស្ប៉ាញ រហូតដល់ទទួលបានជោគជ័យ និងបានប្រកាសខ្លួនជាសាធារណរដ្ឋនៅគ្រានោះតែម្ដង។ ប៉ុន្តែជាអកុសល ដោយសារនៅឆ្នាំគ្រិស្ដសករាជ ១៨៩៨ ដដែលនោះ អេស្ប៉ាញបានច្បាំងចាញ់សហរដ្ឋអាមេរិកនៅជ្រោយម៉ានីលឡា ហើយក៏បានប្រគល់ប្រទេសហ្វីលីពីនឱ្យទៅសហរដ្ឋអាមេរិក ដែលធ្វើឱ្យហ្វីលីពីនត្រូវស្ថិតនៅក្រោមអាណានិគមរបស់សហរដ្ឋអាមេរិកម្ដងវិញ ទម្រាំតែបានទទួលឯករាជ្យបានពេញលេញ ហ្វីលីពីនត្រូវរង់ចាំរហូតដល់គ្រិស្ដសករាជ ១៩៤៦ ឯណោះ។

ដោយប្រទេសនេះស្ថិតនៅក្រោមអាណានិគមអេស្ប៉ាញអស់រាប់រយឆ្នាំ បន្ទាប់មក ក៏បន្តស្ថិតក្រោមឥទ្ធិពលសហរដ្ឋអាមេរិកទៀតផងនោះ ជាហេតុធ្វើឱ្យអរិយធម៌បស្ចិមប្រទេសជ្រួតជ្រាបពេញបន្ទុកក្នុងសង្គមហ្វីលីពីនរហូតដល់ពេលបច្ចុប្បន្ន៕

ភាគទី១៖ សូមចុចត្រង់នេះ

ភាគទី២៖ សូមចុចត្រង់នេះ

ភាគទី៣៖ សូមចុចត្រង់នេះ

ភាគទី៤៖ សូមចុចត្រង់នេះ

ភាគទី៥៖ សូមចុចត្រង់នេះ

ភាគទី៦៖ សូមចុចត្រង់នេះ

ភាគទី៧៖ សូមចុចត្រង់នេះ

ភាគទី៨៖ សូមចុចត្រង់នេះ

ភាគទី៩៖ សូមចុចត្រង់នេះ