(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានរៀបចំនូវកម្មវិធីដ៏អស្ចារ្យមួយ ក្រោមចំណងជើងថា «A Big Announcement by Wing»។

ការរៀបចំនូវកម្មវិធីដ៏អស្ចារ្យនេះ ដើម្បីប្រកាសជាផ្លូវការពីប្រែក្លាយខ្លួនពី ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ទទួលជាធនាគារពាណិជ្ជ គឺធនាគារវីង (ខេមបូឌា) ម.ក បន្ទាប់ពីទទួលបានការផ្តល់អាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា។

ពិធីនេះត្រូវបានរៀបចំឡើងចូលរួមជាអធិបតីភាពពីអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត តាមរយៈកម្មវិធី Zoom ដោយគោរពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនៃកម្ពុជា។

ជាមួយនឹងការទទួលបានអាជ្ញាបណ្ណនេះ Wing ត្រូវបានបន្ថែមមុខងារការផ្តល់សេវាហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋកម្ពុជា ដូចជាសេវាកម្មប្រាក់កម្ចី និងបើកគណនីទទួលប្រាក់ (សន្សំ) បន្ថែមពីលើសេវាកម្មដទៃទៀតដែល Wing បានបំពេញសេវាស្រាប់នៅពេលបច្ចុប្បន្ននេះ។

សូមជម្រាបថា ក្រុមហ៊ុន វីង បានចាប់ផ្តើមដំណើរការអស់រយៈពេល១៣ឆ្នាំកន្លងមកហើយ នៅក្នុងប្រទេសកម្ពុជា ដោយអនុវត្តតាមចក្ខុវិស័យរបស់ អ្នកឧកញ៉ា គិត ម៉េង នូវការផ្តល់ប្រជាជនកម្ពុជា ជាមួយនឹងភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តដែលមានសុវត្ថិភាព និងរហ័ស ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។

ចាប់តាំងពីឆ្នាំ ២០០៩ មក វីង បានដឹកនាំការបង្កើតថ្មីជាច្រើននៅក្នុងទីផ្សារ។ វីង បានឈានមុខគេក្នុងការជំរុញផ្នែក ហិរញ្ញវត្ថុ យេនឌ័រ ហើយនិង ការដាក់បញ្ជូលក្នុងប្រព័ន្ធឌីជីថល នៅក្នុងប្រទេសកម្ពុជា តាមរយៈការណែនាំជាបន្តបន្ទាប់នៃផលិតផលបង្កើតថ្មី និង ដំណោះស្រាយដែលប្រកបដោយភាពច្នៃប្រឌិត ដែលមានគោលបំណងធ្វើឱ្យប្រសើឡើង នូវជីវិតរស់នៅរបស់ប្រជាជនយើង។

បន្ទាប់ពីរយៈពេល ១៣ ឆ្នាំនៃការឈានមុខគេក្នុងទីផ្សារសេវាកម្មហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តនៅកម្ពុជា វីង ថ្ងៃពេលនេះបានឆ្លងកាត់ដល់ការផ្លាស់ប្តូរដ៏គួរឱ្យរំភើពមួយទៀត គឺការប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានឈ្មោះថា ធនាគារវីង (ខេមបូឌា) ម.ក៕

ទស្សនាវិដេអូសូមចុចទីនេះ៖ https://www.facebook.com/155671847799493/videos/369715697612931