(ភ្នំពេញ)៖ ធនាគារ អេស៉ីលីដា នៅតែបំពេញសេចក្តីត្រូវការរបស់អតិថិជនបានដដែល ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋឌីជីថលដ៏ធំទូលាយគ្រប់ដណ្តប់គ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា ទោះជាស្ថានភាពកូវីដ-១៩ កំពុងរីករាលដាលយ៉ាងណាក៏ដោយ។

លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៉ីលីដា ភីអិលស៉ី បានថ្លែងថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ និងដើម្បីអនុវត្តសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ធនាគារ អេស៉ីលីដា បានរៀបចំបើកការិយាល័យធនាគារ អេស៉ីលីដា ៤ កន្លែងនៅរាជធានីភ្នំពេញ រួមមាន ការិយាល័យកណ្តាល សាខាបឹងត្របែក សាខាស្ទឹងមានជ័យ និងសាខាចោមចៅ ដើម្បីដំណើរការបម្រើប្រតិបត្តិការសេវាធនាគារ តាមបញ្ជរជូនអតិថិជន និងសាធារណជនជាធម្មតា ដើម្បីបំពេញសេចក្តីត្រូវការចាំបាច់ ក្នុងពេលដែលរាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល នាពេលនេះ។

ដោយឡែកចំពោះសាខាខេត្ត-ក្រុងដទៃទៀត ដែលមិនស្ថិតក្នុងភូមិសាស្ត្របិទខ្ទប់ នឹងត្រូវបើកបម្រើប្រតិបត្តិការជាធម្មតា។ ប្រធាននាយកប្រតិបត្តិធនាគារ អេស៉ីលីដា ក៏បានអរគុណអតិថិជនផងដែរ ដែលតែងតែគាំទ្រប្រើប្រាស់សេវាកម្មធនាគារ អេស៉ីលីដា ជារៀងរហូតមក។

ប្រសិនបើអតិថិជនមានចម្ងល់ ឬសំណូមពរផ្សេងៗ សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន តាមរយៈទូរសព្ទលេខ 023 99 4444 ឬ 015 999 233៕