(ហ៊ូស្ដុន)៖ បុរស ០២នាក់បានស្លាប់បន្ទាប់ពីរថយន្តម៉ាក Tesla មួយគ្រឿងរបស់ពួកគេជ្រុលចង្កូតចេញពីផ្លូវ ទៅបុកដើមឈើមួយដើមកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ នៅទីក្រុងហ៊ូស្ដុន (Houston) នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។

បើតាមប៉ូលិសនៅក្នុងតំបន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានគេជឿជាក់ថា អាចមានជាប់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាគ្មានមនុស្សបើករបស់រថយន្ដ Tesla ពីព្រោះប៉ូលិសបានរកឃើញថា គ្មាននរណាម្នាក់អង្គុយនៅកៅអីអ្នកបើកឡើយ។ រថយន្ដ Tesla ម៉ូឌែល S ស៊េរីឆ្នាំ២០១៩ ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរក្នុងល្បឿនលឿន ហើយក្រោយមកស្រាប់តែរអិលចេញពីផ្លូវ ជ្រុលចង្កូតទៅបុកដើមឈើមួយដើម បង្កឱ្យរថយន្ដនេះផ្ទុះឆេះតែម្តង។

បន្ទាប់ភ្លើងត្រូវបានពន្លត់ ប៉ូលិសបានអះអាងថា អ្នកនៅក្នុងរថយន្ដទាំង ០២នាក់មានម្នាក់អង្គុយនៅកៅអីអ្នកដំណើរខាងមុខ និងម្នាក់ទៀតអង្គុយនៅកៅអីខាងក្រោយ ដែលនេះធ្វើឱ្យពួកគេសន្និដ្ឋានជាជំហានដំបូងថា គ្រោះថ្នាក់ចរាចរណ៍នេះអាចមានជាប់ពាក់ព័ន្ធ ទៅនឹងបច្ចេកវិទ្យាគ្មានមនុស្សបើករបស់រថយន្ដ Tesla។ ក៏ប៉ុន្តែភ្លាមៗ ខាងក្រុមហ៊ុន Tesla និងរដ្ឋបាលសុវត្ថិភាពផ្លូវហាយវ៉េយ៍ មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕