(ក្រុងឡុងដ៍)៖ Leicester City ដែលជាអតីតម្ចាស់ជើងឯក Premier League ឆ្នាំ២០១៦ នោះ កាន់តែមានសង្ឃឹមក្នុងការទទួលបានកៅអីលេងពានអឺរ៉ុប UEFA Champions League រដូវកាលក្រោយ បន្ទាប់ពីរកបាន ១ពិន្ទុពីក្នុងផ្ទះ Southampton ក្នុងការបញ្ចប់លទ្ធផលស្មើគ្នា ១-១ នៃសប្តាហ៍ទី៣៤ ជើងទី២របស់ពួកគេ។

កីឡាករខ្សែការពារ Jonny Evans ជាអ្នករកគ្រាប់តាមស្មើ ១-១ នៅនាទី៦៨ ពីការបញ្ជូនរបស់មិត្តរួមក្រុម Kelechi Iheanacho នៅពេលក្រុមម្ចាស់ផ្ទះ Southampton នៅសល់សមាជិកតែ ១០នាក់ចាប់តាំងពីនាទីទី១០ មក ដោយសារខ្សែការពារ Jannik Vestergaard ត្រូវបានពិន័យក្រហម។

ការលេងតែសមាជិក ១០នាក់ចាប់ពីនាទីទី១០ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិហូឡង់ Ralph Hasenhuttl ក៏មានឱកាសនាំមុខ ១គ្រាប់មុនផងដែរនៅនាទី៦១ ពីការទាត់បាល់ ១១ម៉ែត្របានសម្រេចរបស់កីឡាករ Ward-Prowse នៅមុនពេលរបូត ៣ពិន្ទុក្នុងដីវិញ ពេល Evans រកគ្រាប់តាមស្មើ ១-១ ត្រឹមតែ ៧នាទីក្រោយមកប៉ុណ្ណោះ។

១ពិន្ទុក្រៅដីនេះដែរ បានធ្វើឲ្យ Leicester City បន្តលេងមិនចាញ់ ៣ប្រកួតចុងក្រោយនៅ Premier League និងរកបាន ៦៣ពិន្ទុឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងបណ្តោះអាសន្នផងដែរមានគម្លាត ៨ពិន្ទុពីក្រុមលេខ៥ ញញួរធំ West Ham United គ្រាដែលពូកគេ (Leicester) នៅសល់ ៤ប្រកួតទៀតមុនបិទរដូវកាល៕