(ជប៉ុន)៖ កីឡាករចំបាប់ស៊ូម៉ូជនជាតិជប៉ុនម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរងរបួសលើក្បាល អំឡុងពេលប្រកួតកាលពីខែមុន ដោយរបួសដ៏គួរឲ្យរន្ធត់ ដែលបណ្តាលឲ្យមានការភ្ញាក់ផ្អើល និងអំពាវនាវឲ្យមានកំណែទម្រង់លើកីឡានេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។

កីឡាករ Hibikiryu, ដែលជាកីឡាករចំបាប់មិនសូវល្បីឈ្មោះម្នាក់ មានឈ្មោះពិត Mitsuki Amano, បានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ នាថ្ងៃពុធ នៅមន្ទីរពេទ្យមួយ ស្ថិតក្នុងទីក្រុង Tokyo, នេះបើតាមសមាគមកីឡាចំបាប់ស៊ូម៉ូជប៉ុន បានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

គួររំលឹកថា កីឡាករវ័យ២៨ឆ្នាំរូបនេះ ត្រូវបានគូប្រកួតរបស់លោកបោកគ្រវែង នៅអំឡុងពេលប្រកួត កាលពីថ្ងៃទី២៦ ខែមីនា ហើយតាមរយៈវីដេអូ ដែលត្រូវបានគេចែករំលែក នៅពេលប្រកួតនោះ កីឡាកររូបនេះ ត្រូវបានគេមើលឃើញថា បានដេកនៅស្ងៀម ប៉ុន្តែនៅមានស្មារតី។

មន្ត្រីសមាគមកីឡាចំបាប់ស៊ូម៉ូ បានឲ្យដឹងថា លោកមិនបានទទួលការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រ ពីអ្នកជំនាញ អស់រយៈពេលប៉ុន្មាននាទី ពោលគឺទុកឲ្យដេក ដោយគ្មានជំនួយ ធ្វើឲ្យមានការរន្ធត់ចិត្តយ៉ាងខ្លាំង។

យ៉ាងណាក៏ដោយ មិនទល់ពេលនេះ វាមិនទាន់ច្បាស់នោះទេ ថាតើការរងរបួសរបស់លោក មានការពាក់ព័ន្ធនឹងការស្លាប់របស់លោកឬយ៉ាងណា, ប៉ុន្តែមានការស្នើសុំឲ្យមានការកែទម្រង់ ក្នុងវិស័យកីឡានេះ។

គួរបញ្ជាក់ថា Hibikiryu គឺជាកីឡាករចំបាប់សកម្មដំបូងគេ ដែលបានស្លាប់ គិតចាប់តាំងពីខែឧសភាឆ្នាំមុន, នៅពេលដែលកីឡាករចំបាប់ម្នាក់ទៀត គឺ Shobushi បានស្លាប់ បន្ទាប់ពីគាត់បានឆ្លងជំងឺ COVID-19 ហើយបានវិវត្តទៅជាជំងឺរលាកសួត៕