(ជប៉ុន)៖ ព្រឹត្តិការណ៍កីឡា Tokyo Olympics ដែលត្រូវបានពន្យារពេលមួយឆ្នាំ ដោយសារការរីករាលដាលនៃវីរ៉ុស ហើយត្រូវធ្វើឡើងនារដូវក្តៅឆ្នាំនេះ អាចនឹងត្រូវបានធ្វើឡើង នៅពីក្រោយការបិទទ្វារ, នេះបើតាមការបញ្ជាក់ពីប្រធាន Tokyo 2020 លោកស្រី Seiko Hashimoto បានលើកឡើងនាថ្ងៃសុក្រនេះ, លោកស្រីថា ការធ្វើបែបនេះ ដើម្បីធានាថា ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងដោយសុវត្ថិភាព, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។

លោកស្រី Hashimoto ដែលជាអតីតអត្តពលិកអូឡាំពិករូបនេះ បានលើកឡើងថា ការប្រកួតអាចធ្វើឡើងដោយជោគជ័យ ប្រសិនបើអ្នករៀបចំព្រឹត្តិការណ៍ «ការពារបានទាំងស្រុង» លើអត្តពលិក និងប្រជាជន នៅក្នុងប្រទេសជប៉ុន ហើយថាលោកស្រីរំពឹងថា ប្រជាជននឹងអបអរសាទរ ចំពោះព្រឹត្តិការណ៍ដែលបានធ្វើឡើង។

គួររំលឹកថា អ្នកទស្សនាក្រៅប្រទេស ត្រូវបានហាមឃាត់រួចទៅហើយ ពីការចូលរួមទស្សនាព្រឹត្តិការណ៍នេះ, ហើយក្នុងសប្តាហ៍នេះ ការសម្រេចទៅលើក្រុមអ្នកគាំទ្រក្នុងស្រុក ត្រូវបានពន្យារពេលរហូតដល់ខែមិថុនាវិញ, ដោយអ្នករៀបចំព្រឹត្តិការណ៍បានបញ្ជាក់ថា ដោយសារតែរលកឆ្លងថ្មី នៃជំងឺ COVID-19 នៅប្រទេសជប៉ុន។

«វាអាចជាស្ថានភាពមួយ ដែលយើងមិនអាចអនុញ្ញាតឲ្យអ្នកគាំទ្រណាម្នាក់ ចូលរួមបាននោះទេ», នេះបើតាមការស្រង់សម្តីលោកស្រី Hashimoto បានលើកឡើង នៅក្នុងកិច្ចសម្ភាសន៍មួយ។

ប្រជាជនភាគច្រើន នៅជប៉ុន បានគាំទ្រចំពោះការពន្យារពេលព្រឹត្តិការណ៍ប្រកួតនេះបន្ថែមទៀត ឬក៏លុបចោលទាំងស្រុង ខណៈថ្មីៗនេះ ករណីឆ្លងថ្មី មានការកើនឡើង ដែលបានបណ្តាលឲ្យមានការប្រកាស ដាក់ភាពអាសន្ន នៅទីក្រុង Tokyo និងផ្នែកមួយចំនួនទៀតនៃប្រទេស។

គួររំលឹកថា Tokyo 2020 គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ៕