(ភ្នំពេញ)៖ បើនិយាយពីកវីនិពន្ធ ជុំ ប៊ុនធឿន គឺមានទស្សនិជនជាច្រើនចងចាំនូវស្នាដៃល្បីៗដែលលោកនិពន្ធឡើង ដូចជាបទចម្រៀង «ថ្ងៃបាក់រសៀល» និង «ខ្លុយស្នេហ៍ត្នោតទេ» ជាដើម។ យ៉ាងណាមិញ រយៈពេលជាង១០ឆ្នាំ ដែលលោកបានលាចាកលោកទៅ គឺបានបន្សល់ទុកភរិយាបណ្តូលចិត្ត ឲ្យរស់នៅជាមួយកូនៗ។ យ៉ាងណាមិញ នៅពេលនេះត្រូវបានឲ្យដឹងថា ភរិយារបស់លោកកំពុងមានជំងឺសួតធ្ងន់ធ្ងរ បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩ ខណៈបច្ចុន្បន្នកំពុងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី។

កូនស្រីរបស់កវី ជុំ ប៊ុនធឿន ឈ្មោះ ប៊ុនធឿនផល្លី ពៅពិសី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ម្តាយរបស់នាងត្រូវបានក្រុមគ្រូពេទ្យប្រាប់ថា បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ប៉ុន្តែអ្វីដែលនៅធ្ងន់ធ្ងរនោះ គឺជំងឺសួត ដោយគ្រូពេទ្យប្រាប់ថា សួតម្តាយនាងគឺនៅតិចតួច និងមានអាការៈហត់ខ្លាំង ហើយកំពុងតែសង្គ្រោះបន្ទាន់នៅបន្ទប់ ICU នៃមន្ទីរពេទ្យរុស្សី ដែលបញ្ចូនទៅព្យាបាលតាំងពីថ្ងៃទី២៧ ខែមេសា។

កូនស្រីពៅរបស់លោក ជុំ ប៊ុនធឿន បានបន្តទៀតថា ស្ថានភាពជំងឺម្តាយខ្លួននៅពេលនេះ កំពុងបន្តស្ថិតនៅក្រោមការតាមដាន ដោយក្រុមគ្រូពេទ្យមិនទាន់ប្រាប់ថា តើអាចជាសះស្បើយ ឬក៏អាចធ្ងន់ធ្ងរជាងនេះនោះទេ គឺត្រូវការតាមដានយ៉ាងយកចិត្តទុកដាក់។ នាងថា ពាក់ព័ន្ធទៅលើថ្លៃចំណាយថ្នាំ និងការព្យាបាលផ្សេងៗ ក៏ត្រូវការចំណាយច្រើនដែរ។

កូនស្រីកវីនិពន្ធ ជុំ ប៊ុនធឿន ក៏បានអំពាវនាវផងដែរ ទៅដល់សប្បុរសជនដែលមានទឹកចិត្តអាចជួយដល់ក្រុមគ្រួសាររបស់នាង ព្រោះពេលនេះកំពុងមានការខ្វះខាតខ្លាំង ព្រោះម្តាយរបស់នាងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី ស្របពេលជំងឺកូវីដ-១៩ កំពុងវាយលុកខ្លាំងនៅក្នុងប្រទេសផងនោះ ធ្វើឲ្យនាងពិបាក ជាពិសេសគឺបញ្ហាចំណាយក្នុងការព្យាបាលតែម្តង។ ដូច្នេះសម្រាប់បណ្តាសប្បុរសជនដែលចង់ជួយដល់ភរិយារបស់កវីនិពន្ធ ជុំ ប៊ុនធឿន អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៨ ២៩៩ ៥៥៨៕