(អាមេរិក)៖ ពាក្យ «អាមេរិក ឬ America» ត្រូវបានគេប្រើសម្រាប់សម្គាល់លើឈ្មោះទ្វីបដ៏ធំមួយ ដែលពួកអឺរ៉ុបបានរកឃើញកាលពីជាងប្រាំសតវត្សរ៍មុន ដោយលោក គ្រីស្ដុប កូឡុំ គឺជាអ្នកដែលបានទៅដល់ដែនដីនេះមុនដំបូងគេបង្អស់ ប៉ុន្តែហេតុអ្វីបានជាគេមិនហៅឈ្មោះទ្វីបថ្មីនេះថា «ទ្វីបគ្រីស្ដុបកូឡុំ» តាមឈ្មោះអ្នករកឃើញនោះ ហើយបែរជាហៅថា «ទ្វីបអាមេរិក» ទៅវិញ តើឈ្មោះអាមេរិកនេះបានមកពីណាដែរ?

ទ្វីបអាមេរិក មិនមែនទើបតែមានមនុស្សរស់នៅក្នុងគ្រិស្តសតវត្សរ៍របស់យើងនេះនោះឡើយ បើតាមការស្រាវជ្រាវរបស់ពួកបស្ចិមប្រទេស បានបង្ហាញថា ទ្វីបនេះមិនត្រឹមតែមានមនុស្សរស់នៅជាយូរមកហើយប៉ុណ្ណោះទេ ថែមទាំងធ្លាប់មានអារ្យធម៌រុងរឿងនៅមុនគ្រិស្តសករាជទៅទៀត។

ជនជាតិចិនបានអះអាងថា ក្នុងសម័យរាជវង្សយ័ន (Yuan dynasty 1279–1368) ក៏បានបញ្ជូនអ្នករុករកដែនដីថ្មីនៅត្រើយសមុទ្រខាងកើត (សំដៅលើមហាសមុទ្រប៉ាស៊ីហ្វិក) ផងដែរ ហើយគេបានទទួលដំណឹងថា ពួកអ្នករុករកទាំងនោះបានទៅដល់ទ្វីបដ៏ធំមួយ គ្រាន់តែកាលណោះជនជាតិចិនមិនដឹងហៅឈ្មោះទ្វីបនេះថាយ៉ាងម៉េច។ ក្រោយមកទៀត ពោលគឺនៅគ្រិស្ដសករាជ ១៤២១ មេទ័ពជើងទឹកម្នាក់របស់រាជវង្សម៉េង (Ming dynasty 1368-1644) មានឈ្មោះថា ជឹង ហឺ (Zheng He) ក៏បានបរសំពៅទៅដល់ទ្វីបថ្មីនៅត្រើយសមុទ្រខាងកើតនេះផងដែរ។

នៅគ្រិស្ដសករាជ ១៤៩២ ក្រុមនាវិកមកពីអេស្ប៉ាញមួយក្រុម ដឹកនាំដោយលោក គ្រីស្តុប កូឡុំ (Christopher Columbus) បានធ្វើដំណើរទៅដល់ដែនដីប្រជុំកោះមួយចំនួនដែលនៅខាងកើតទ្វីបអាមេរិក ប៉ុន្តែសម្រាប់លោក គ្រីស្ដុប កូឡុំ មិនបានដឹងថាដែនដីនោះជាដែនដីថ្មីផ្សេងពីទ្វីបអាស៉ីនោះទេ គឺលោកមានការយល់ច្រឡំថាវាជាតំបន់ឥណ្ឌី (Indies) ដែលជាប់ជាមួយទ្វីបអាស៉ី។ ពួកអឺរ៉ុបហៅតំបន់ឥណ្ឌីនេះ គឺសំដៅលើតំបន់ភាគខាងត្បូង និងអាស៊ីអាគ្នេយ៍។

ទោះជាយ៉ាងណា បេសកកម្មរបស់លោក គ្រីស្ដុប កូឡុំ កាន់តែមានភាពល្បីល្បាញនៅក្នុងពិភពអឺរ៉ុប រហូតដល់បានជំរុញឱ្យអ្នកជំនួញផ្លូវសមុទ្រម្នាក់មានមហិច្ចតាចង់ធ្វើដូចលោកដែរ។ អ្នកជំនួញរូបនោះ គឺមានឈ្មោះថា អាមេរីកូ វេស្ពូស៉ី (Amerigo Vespucci) ដែលជាអ្នកស្រុកមកពីបុរីរដ្ឋហ្វ្លូរិន (Florence) ប្រទេសអ៉ីតាលី។ វេស្ពូស៉ី បានចេញពីហ្វ្លូរិនមកដល់ប្រទេសអេស្ប៉ាញនៅគ្រិស្ដសករាជ ១៤៩២ ស្របពេលដែលលោក គ្រីស្ដុប កូឡុំ បានទៅដល់ទ្វីបអាមេរិកនោះដែរ។ នៅពេលទទួលបានដំណឹងអំពីលោក គ្រីស្ដុប កូឡុំ រួចមក វេស្ពូស៉ី រឹតតែចង់ក្លាយជាអ្នករុករកដូចគេដែរ ពីព្រោះការងារជាអ្នករុករកនាសម័យនោះ ពិតជាទទួលបានកិត្តិនាមអស្ចារ្យខ្លាំងណាស់សម្រាប់អ្នកស្រុកអឺរ៉ុប។

នៅពេលដែលការធ្វើដំណើរតាមសមុទ្រលើកទីបីរបស់លោក គ្រីស្ដុប កូឡុំ ទទួលបរាជ័យក្នុងការស្វែងរកផ្លូវទៅកាន់អាស៊ី និងតំបន់ឥណ្ឌី លោក វេស្ពូស៉ី គិតថាវាជាពេលមួយសម្រាប់ការរុករកមួយបែបផ្សេងទៀត។ គាត់ចង់ក្លាយជាមនុស្សម្នាក់ដែលអាចទៅដល់តំបន់ឥណ្ឌីតែម្តង តាមរយៈផ្លូវសមុទ្រទៅទិសខាងលិច។ ក្នុងដំណើរតាមសមុទ្រលើកចុងក្រោយ នៅគ្រិស្ដសករាជ ១៥០៣ វេស្ពូស៉ី បានរកឃើញប្រជុំកោះ ឆក ជ្រោយ និងតំបន់ជាច្រើននៅភាគអាគ្នេយ៍ និងភាគខាងត្បូងនៃទ្វីបអាមេរិក។ ក្រុមនាវិកដែលដឹកនាំដោយ អាមេរីកូ វេស្ពូស៉ី បានចូលទៅទស្សនកិច្ចនៅតំបន់មួយចំនួន ដូចជា ជ្រោយសៅរ៉ូក (Cape São Roque) ឆ្នេរក្វាណាបារ៉ា (Guanabara Bay) ឆករីយ៉ូដឺឡាប្លាតា (Rio de la Plata) ជ្រោយសាន់តូអាហ្គោស្ទីញ៉ូ (Cape Santo Agostinho) កំពង់ផែសាន់ជូលាន (San Julian) កោះហ្វកលែន (Falkland) ជាដើម។

នៅគ្រិស្ដសករាជ ១៥០៤ អ្នកស្រុកអឺរ៉ុបបានចាប់ផ្ដើមដឹងថា លោក អាមេរីកូ វេស្ពូស៉ី គឺជាជនជាតិអឺរ៉ុបដំបូងគេដែលឈានទៅដល់ពិភពលោកថ្មីៗបន្ថែមទៀតបន្ទាប់ពីលោក គ្រីស្តុប កូឡុំ។ រហូតដល់គ្រិស្ដសករាជ ១៥០៧ លោក អាមេរីកូ វេស្ពូស៉ី បានស្នើសុំឱ្យអ្នកស្រុកអឺរ៉ុបហៅទឹកដីថ្មីនោះថា «អាមេរិក» ហើយមិនយូរប៉ុន្មាន ឈ្មោះនេះក៏ត្រូវគេហៅជាទូទៅរហូតដល់បានក្លាយទៅជាឈ្មោះទ្វីបជាផ្លូវការ។ ប្រសិនបើគិតមកដល់ពេលបច្ចុប្បន្ន ឈ្មោះទ្វីបអាមេរិកនេះត្រូវបានប្រើប្រាស់អស់រយៈពេលជាង ៥០០ ឆ្នាំមកហើយ។

ជាការពិតណាស់ ចំពោះការរកឃើញដែនដី គេច្រើនតែយកឈ្មោះអ្នករកឃើញមកប្រើសម្រាប់ហៅដែនដី ឬវត្ថុទាំងនោះ ដើម្បីជាការចងចាំ និងតបស្នងចំពោះការខិតខំរបស់ពួកអ្នករករុកទាំងឡាយ។ ជាមួយគ្នានេះ ក៏ធ្លាប់មានមនុស្សមួយចំនួនបានជំទាស់នឹងការប្រើប្រាស់ឈ្មោះ «អាមេរិក» នេះដែរ ដោយពួកគេមិនពេញចិត្តចំពោះការហៅឈ្មោះទ្វីបថ្មីនោះថា «ទ្វីបអាមេរិក» ឡើយ ពីព្រោះលោក គ្រីស្ដុប កូឡុំ ទៅវិញទេ ដែលជនជាតិអឺរ៉ុបបានទៅដល់ទ្វីបនេះមុនគេ ដូច្នេះពិភពលោកគួរតែយកឈ្មោះរបស់ គ្រីស្តុប កូឡុំ មកប្រើជំនួសឈ្មោះ «អាមេរិក» វិញ ដើម្បីឱ្យសមនឹងការខិតខំរបស់លោក។ ប៉ុន្តែមិនមានអ្នកប្ដូរមកហៅតាមឈ្មោះរបស់លោក គ្រីស្ដុប កូឡុំ វិញឡើយ ពីព្រោះមនុស្សភាគច្រើនជឿជាក់ថា ថ្វីដ្បិតលោក គ្រីស្ដុប កូឡុំ បានទៅដល់ទ្វីបអាមេរិកមុនលោក អាមេរីកូ វេស្ពូស៉ី ក៏ពិតមែន ប៉ុន្តែក្នុងពេលដែលលោករកឃើញទ្វីបអាមេរិកនោះ លោកមិនទាន់ដឹងថាវាជាពិភពលោកថ្មីនោះទេ ពោលគឺលោកនៅតែយល់ច្រឡំថាវាជាដែនដីតំបន់ឥណ្ឌី (Indies)។ ម្យ៉ាងវិញទៀត លោក អាមេរីកូ វេស្ពូស៉ី ក៏បានខិតខំយ៉ាងច្រើនណាស់ដែរចំពោះការរុករកដែនដីថ្មីនោះ ហើយលោកគឺជាអ្នកដែលស្រាយបំភ្លឺប្រាប់ពិភពលោកថា ដែនដីទាំងនោះ គឺជាពិភពលោកថ្មី ដោយវាមិនជាប្រទេសឥណ្ឌា មិនមែនជាប្រទេសចិន ឬតំបន់អាស៉ីអាគ្នេយ៍នោះឡើយ តែវាជាទ្វីបថ្មីមួយដែលអ្នកស្រុកអឺរ៉ុបមិនទាន់ស្គាល់ឈ្មោះ ហើយក៏មិនទាន់មានឈ្មោះផ្លូវការជាក់លាក់ដូចទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក ឬទ្វីបអាស៉ីនៅឡើយដែរ។ ដូច្នេះការហៅឈ្មោះទ្វីបថ្មីនេះតាមឈ្មោះរបស់លោក អាមេរីកូ វេស្ពូស៉ី គឺជារឿងសមស្របបំផុត។

គួរជម្រាបថា ឈ្មោះរបស់លោក គ្រីស្ដុប កូឡុំ ថ្វីដ្បិតមិនត្រូវបានប្រើប្រាស់សម្រាប់ហៅឈ្មោះទ្វីបទាំងមូលក៏ដោយចុះ ប៉ុន្តែក៏មានប្រទេសខ្លះយកឈ្មោះនេះមកប្រើផងដែរ ដូចជា ប្រទេសកូឡុំប៊ី (Colombia) ទីក្រុងកូឡុំប៊ីយ៉ា (Colômbia) នៃរដ្ឋសៅប៉ាវឡូ (State of São Paulo) ប្រទេសប្រេស៉ីល ទីក្រុងវ៉ាស៉ិនតោន ឌីស៉ី (District of Columbia) នៃសហរដ្ឋអាមេរិក ទីក្រុងកូឡុំបូ នៃប្រទេសស្រីលង្កា ជាដើម៕