(រីយ៉ូដឺហ្សាណេរ៉ូ)៖ កីឡាករបាល់ទាត់លំដាប់កំពូលពិភពលោក រួមមាន Lionel Messi និង Neymar នឹងចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទស៉ីណូវ៉ាក់ របស់ប្រទេសចិន នៅសប្តាហ៍ខាងមុខ។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អាមេរិចខាងត្បូង (CONMEBOL) ដកស្រង់ការផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១នេះ។

ប្រភពដដែលបន្តថា Messi, Neymar និងបណ្តាកីឡាករបាល់ទាត់រាប់រយនាក់ទៀត របស់អាមេរិកខាងត្បូង នឹងចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ ក្រោមការរៀបចំដោយផ្ទាល់ពីសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង ក្រោយទទួលបានជំនួយពីក្រុមហ៊ុន Sinovac Biotech ។

សហព័ន្ធនេះ បានចាប់ផ្តើមចែកចាយវ៉ាក់សាំងទៅកាន់សមាជិករបស់ខ្លួន បន្ទាប់ពីវ៉ាក់សាំងរបស់ចិន ៥ម៉ឺនដូស ត្រូវបានដឹកទៅដល់រដ្ឋធានីម៉ុងតេអូ ប្រទេសអ៊ុយរ៉ាហ្កាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។

លោក Alejandro Dominguez ប្រធានសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង បានថ្លែងសារលើបណ្តាញ Twitter របស់គាត់បញ្ជាក់យ៉ាងដូច្នេះថា៖ «វ៉ាក់សាំងសម្រាប់វិស័យបាល់ទាត់នៅអាមេរិកខាងត្បូង បានមកដល់ហើយ។ អរគុណចំពោះក្រុមហ៊ុន Sinovac Biotech Ltd សម្រាប់កាយវិការនៃសាមគ្គីភាព និងដើម្បីស្វែងយល់ពីតម្លៃសង្គម និងវប្បធម៌ដ៏ធំសម្បើម ដែលបាល់ទាត់មាននៅក្នុងប្រទេសនានា នៃទ្វីបរបស់យើង»។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានបង្ហាញលើគេហទំព័ររបស់ខ្លួន សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង បានឲ្យដឹងថា កម្មវិធីចាក់វ៉ាក់សាំង នឹងផ្តល់អាទិភាពលើក្រុមជម្រើសជាតិ, គ្រូបង្វឹក, មន្ត្រី, និងកម្មករផ្សេងទៀត ដែលកំពុងស្ថិតក្នុងការរៀបចំពានរង្វាន់បាល់ទាត់ក្របខណ្ឌ Copa America ដែលនឹងរៀបចំឡើងនៅប្រទេសអាហ្សង់ទីន និងកូឡុមប៊ី ចាប់ពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា។

សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង បានឲ្យដឹងបន្ថែមថា វ៉ាក់សាំងទាំងនេះ ក៏នឹងត្រូវបានប្រើប្រាស់ ដើម្បីលើកទឹកចិត្តដល់អ្នកចូលរួមនៃការប្រកួតក្លឹបកំពូលៗ ក្នុងតំបន់ផងដែរ។

សូមជម្រាបថា ដំបូងឡើយកាលវិភាគសម្រាប់ឆ្នាំ២០២០ ការរៀបចំការប្រកួតពានរង្វាន់ Copa America លើកទី៤៧ ត្រូវបានពន្យារពេលប្រមាណអស់ ១ឆ្នាំ ព្រោះតែវិបត្តិនៃការរាលដាលជំងឺកូវីដ១៩។

Messi តារាឆ្នើមរបស់ក្លឹបកំពូលអេស្ប៉ាញ Barcelona និង Neymar តារាឆ្នើមរបស់ក្លឹបកំពូលបារាំង Paris Saint-Germain ត្រូវបានរំពឹងទុកថា នឹងស្ថិតក្នុងចំណោមការទាក់ទាញដ៏ធំបំផុត របស់ការប្រកួតពាន Copa America ៕