(ម៉ាឌ្រីដ)៖ ៣ពិន្ទុក្នុងដីនៃកីឡដ្ឋាន Alfredo Di Stefano ពីជ័យជម្នះ ២-០ ទៅលើ Osasuna របស់ក្រុមអធិរាជស Real Madrid បានធ្វើឲ្យតំណែងកំពូលតារាងនៅ La Liga កាន់តែមានភាពស្វិតស្វាញខ្លាំងឡើងជាមួយ Atletico Madrid។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Zinedine Zidane រកបាន ៧៤ពិន្ទុមានគម្លាតត្រឹមតែ ២ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាង Atletico Madrid របស់លោក Diego Simoene គិតត្រឹមសប្តាហ៍ទី៣៤ ជើងទី២ ដូចគ្នា នៅពេលដែល AT ក៏បានយកឈ្នះម្ចាស់ផ្ទះ Elche ១-០ កាលពីរាត្រីថ្ងៃសៅរ៍។

កីឡាករ Eder Militao និង Casemiro ជាអ្នករកបានម្នាក់ ១គ្រាប់នៅនាទី៧៦ និងនាទី៨០ ដើម្បីជួយក្រុមការពារតំណែងជើងឯកប្រជែងពានលីគកំពូលអេស្ប៉ាញបន្តទៀត ដ្បិតពួកគេត្រូវប៉ះម្ចាស់ផ្ទះតោខៀវ Chelsea នៅ UEFA Champions League ជើងទី២ នៃវគ្គ ៤ក្រុមចុងក្រោយក៏ដោយ។

ចំណែកឯ FC Barcelona ដែលជាជើងឯករងរដូវកាលមុន ក៏ត្រៀមមានពិន្ទុស្មើនឹង Real Madrid ផងដែរ ប្រសិនបើពួកគេអាចយកឈ្នះម្ចាស់ផ្ទះ Valencia នៅរាត្រីម៉ោង ២៖០០នាទីរំលងអាធ្រាត្រនេះប្រចាំសប្តាហ៍ទី៣៤ ដែលកំពុងមាន ៧១ពិន្ទុបណ្តោះអាសន្ន និងឈរនៅលេខរៀងទី៣៕