(មេនឆេស្ទើ)៖ Manchester City នឹងក្លាយជាជើងឯក Premier League នៅថ្ងៃអាទិត្យនេះតែម្តង ប្រសិនបើក្រុមលេខ២ Manchester United ប្រកួតចាញ់ហង្សក្រហម Liverpool នៅរាត្រីនេះ ទោះនៅសល់ ៤ប្រកួតទៀតក៏ដោយ។

ការរកបាន ៣ពិន្ទុក្រៅដីពីការយកឈ្នះម្ចាស់ផ្ទះ Crystal Palace នៅកីឡដ្ឋាន Selhurst Park ធ្វើឲ្យក្រុមមេឃខៀវ Man City មាន ៨០ពិន្ទុនាំមុខក្រុមលេខ២ បិសាចក្រហម Man Utd ដល់ទៅ ១៣ និងប្រកាសជាជើងឯក Premier League តែម្តងក្នុងរដូវកាលឆ្នាំ២០២០-២០២១ ប្រសិនបើកពួកគេ (Man Utd) បាត់បង់ពិន្ទុនៅកីឡដ្ឋាន Old Trafford នោះ។

ជំនួបដ៏ជក់ចិត្ត និងចាំអ៊ុតលទ្ធផលរវាងក្រុមខ្លាំងប៉ះខ្លាំង Man Utd និង Liverpool នឹងធ្វើឡើងនៅរាត្រីម៉ោង ២២៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១ គ្រាដែល Liverpool ក៏ត្រូវការពិន្ទុខ្លាំង ដើម្បីឡើងមកតំណែង Top-4 លេងនៅ UEFA Champions League រដូវកាលក្រោយ។

City នឹងក្លាយជាជើងឯក Premier League លើកទី៣ ក្នុងចំណោម ៤រដូវកាលចុងក្រោយនេះ គ្រាដែលកីឡាករ Top scorer ប្រចាំក្លិប Sergio Aguero ក៏ចូលរួមរកបាន ១គ្រាប់ពីគ្រាប់បាល់សរុប ២៥៨គ្រាប់របស់គេ មានគម្លាតតែ ២ពីនាទីប៉ុណ្ណោះនៅពេលមិត្តរួមក្រុម Ferran Torres រកបានគ្រាប់ទី២ នៅនាទីរៀងគ្នា ៥៧ និងនាទី៥៩ ពីការប្រកួតសប្តាហ៍ទី៣៤ របស់ពួកគេ៕