(ភ្នំពេញ)៖ ក្នុងការបង្កើតចំណងអាពាហ៍ពិពាហ៍ប្តីប្រពន្ធ ជាគោលការណ៍ច្បាប់ក៏នាំឲ្យមានការបង្កើតទ្រព្យរួមគ្នាផងដែរ ដែលគេស្គាល់ជាទូទៅថា ទ្រព្យសម្បត្តិរួម ប៉ុន្តែក្នុងលក្ខខណ្ឌខ្លះ ក៏មានការកំណត់ពីទ្រព្យសម្បត្តិដោយឡែកដែរ។ តើទ្រព្យប្រភេទណាត្រូវបានកំណត់ថាជាទ្រព្យរួម និងទ្រព្យដោយឡែក បន្ទាប់ពីបុរស និងស្រ្តី បានបង្កើតចំណងអាពាហ៍ពិពាហ៍ជាមួយគ្នា?

សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ វិភាគទានច្បាប់ ក្នុងគម្រោង ស្តីពី ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «ទ្រព្យរួម និងទ្រព្យដោយឡែក» ក្រោយពេលដែលបុរស និងស្រ្តីបានរៀបអាពាហ៍ពិពាហ៍ មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដោយផ្អែកតាមសម្មតិកម្មដូចខាងក្រោម៖

មុនពេលរៀបការ បុរសជាប្តី មាន រថយន្តមួយគ្រឿង (តទៅហៅថា រថយន្តទី១) ប្រាក់សន្សំចំនួន $20,000 ផ្ទះមួយល្វែង (តទៅហៅថាដី L) ហើយប្រកបមុខរបរជាបុគ្គលិកក្រុមហ៊ុនទទួលបានប្រាក់ខែចំនួន $2,000/ខែ។ ចំណែកឯ ស្ត្រីជាប្រពន្ធ មាន ផ្ទះមួយល្វែង (តទៅហៅថា ដី M) ប្រាក់សន្សំចំនួន $10,000 រថយន្តមួយគ្រឿង (តទៅហៅថា រថយន្តទី២) ហើយប្រកបមុខរបរជាបុគ្គលិកក្រុមហ៊ុនទទួលបានប្រាក់ខែ $1,000/ខែ ។

បុរស និងស្រ្តី បានចុះសំបុត្រអាពាហ៍ពិពាហ៍ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ បន្ទាប់មក ពួកគេបានប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិដូចតទៅ៖ ប្តីបានយក ប្រាក់សន្សំចំនួន $20,000 ដែលជាទ្រព្យមានមុនពេលរៀបការ ដាក់ក្នុងគណនីមានកាលកំណត់នៅធនាគារសម្រាប់រយៈពេល ២ ឆ្នាំ ដោយទទួលបានការប្រាក់ ៨%/ឆ្នាំ ហេតុនេះការប្រាក់ដែលទទួលបាន គឺ $1,600/ឆ្នាំ និងបានលក់ ដី L ទទួលបានលុយចំនួន $50,000 ហើយលក់ រថយន្តទី១ បានលុយចំនួន $20,000។

ចំពោះលុយ $20,000 នេះ ប្តីបានដក $15,000 ទិញរថយន្តថ្មី (តទៅហៅថារថយន្តទី ៣) ហើយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ប្តីបានទទួលដីមួយ (តទៅហៅថា ដី N) ពីឪពុកម្តាយរបស់ខ្លួន និងបានចុះបញ្ជីផ្ទេរកម្មសិទ្ធិរួចរាល់។ ចំណែកឯ ប្រពន្ធបានយក ដី M ដែលជាទ្រព្យមានមុនពេលរៀបការ ជួលឱ្យគេបានថ្លៃឈ្នួល $1,000/ខែ ហើយប្តីប្រពន្ធបានទិញផ្ទះមួយល្វែង (តទៅហៅថា ដី O) ក្នុងតម្លៃ $50,000 ដោយប្រើប្រាស់លុយរួមដែលជាប្រាក់សន្សំចំនួន $30,000 ហើយ $20,000 ទៀត ប្តីប្រពន្ធបានខ្ចីធនាគារ ប៉ុន្តែនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី មានឈ្មោះប្តីតែម្ខាងតែប៉ុណ្ណោះ។

ចំពោះទ្រព្យសម្បត្តិខាងលើនេះ តើទ្រព្យណាខ្លះជាទ្រព្យរួម ហើយទ្រព្យណាខ្លះជាទ្រព្យដោយឡែក?

ផ្អែកតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា «ទ្រព្យសម្បត្តិទាំងឡាយដែលប្តីប្រពន្ធទាំងសងខាង ឬតែម្ខាងទទួលបាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ គឺជាទ្រព្យរួម» លើកលែងតែ៖

* ទ្រព្យសម្បត្តិដែលប្តី ឬប្រពន្ធមានមុនពេលរៀបអាពាហ៍ពិពាហ៍
* ទ្រព្យសម្បត្តិដែលប្តី ឬប្រពន្ធបានទទួលដោយប្រទានកម្ម (អំណោយ) សន្តតិកម្ម អច្ច័យទាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍
* ទ្រព្យសម្បត្តិជាតម្លៃតប ដែលទទួលបានពីការចាត់ចែងទ្រព្យសម្បត្តិ ដែលមានមុនពេលរៀបអាពាហ៍ពិពាហ៍ ឬទ្រព្យសម្បត្តិដែលបានទទួលដោយប្រទានកម្ម សន្តតិកម្ម អច្ច័យទាន ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ គឺជាទ្រព្យដោយឡែក (មាត្រា៩៧២ និងមាត្រា៩៧៣ នៃក្រមរដ្ឋប្បវេណី)។

ផ្អែកតាមអង្គហេតុខាងលើ ទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធមាន៖

១៖ ប្រាក់ខែរបស់ប្តី និងប្រពន្ធ៖ ចាប់ពីពេលដែលបានរៀបអាពាហ៍ពិពាហ៍ ប្រាក់ខែរបស់ប្តីប្រពន្ធ គឺជាទ្រព្យរួម ពីព្រោះជាទ្រព្យសម្បត្តិដែលប្តីប្រពន្ធទទួលបានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។
២៖ ការប្រាក់ចំនួន $1,600/ឆ្នាំ និងថ្លៃឈ្នួលផ្ទះ $1,000/ខែ៖ ការប្រាក់ និងថ្លៃឈ្នួល ជាផលដែលកើតចេញពីការប្រើប្រាស់ទ្រព្យសម្បត្តិដោយឡែករបស់ប្តីប្រពន្ធ ប៉ុន្តែច្បាប់មិនបានកំណត់ថា ផលដែលកើតចេញពីទ្រព្យដោយឡែក គឺជាទ្រព្យដោយឡែកនោះទេ ហេតុនេះ ការប្រាក់ និងថ្លៃឈ្នួលផ្ទះ គឺជាទ្រព្យរួម។
៣៖ ដី O៖ ទោះបីជាដីនេះ មានតែឈ្មោះប្តីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លីក៏ដោយ ក៏ដី O គឺជាទ្រព្យរួម ពីព្រោះជាទ្រព្យសម្បត្តិដែលទទួលបានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។
៤៖ រថយន្តទី៣៖ ដំបូងឡើយ ប្តីមានរថយន្តទី១ (ទ្រព្យមុនពេលរៀបការ) ហើយក្រោយរៀបការ
ប្តីបានលក់ (ចាត់ចែង) រថយន្តនោះ ទទួលបានប្រាក់ $20,000 ។ ប្រាក់នោះ ជាតម្លៃតបពីការចាត់ចែងទ្រព្យដែលមានមុនពេលរៀបការ (រថយន្តទី១) ហេតុនេះ ត្រូវនឹងលក្ខខណ្ឌដែលច្បាប់កំណត់ថាជា ទ្រព្យដោយឡែក។ ប៉ុន្តែ ចំពោះប្រាក់ $20,000 នោះ ប្តីបានដក $15,000 ទៅទិញ (ចាត់ចែង) រថយន្តថ្មី ក្នុងករណីនេះរថយន្តថ្មី មិនមែនជាតម្លៃតបពីការចាត់ចែងទ្រព្យដែលមានមុនពេលរៀបអាពាហ៍ពិពាហ៍ទេ ពីព្រោះ លុយ $15,000 មិនមែនជាទ្រព្យដែលប្តីមានមុនពេលរៀបអាពាហ៍ពិពាហ៍ឡើយ ពោលគឺជាទ្រព្យដែលប្តីទទួលបានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ហេតុនេះរថយន្តថ្មី (រថយន្តទី៣) ជាទ្រព្យរួម។

ផ្អែកតាមអង្គហេតុខាងលើ ទ្រព្យដោយឡែករបស់ប្តីមាន៖

១៖ ប្រាក់សន្សំ $20,000 (ទ្រព្យដែលប្តីមានមុនពេលរៀបការ)
២៖ ថ្លៃលក់ដី L ចំនួន $50,000 (តម្លៃតបពីការលក់ទ្រព្យដែលមានមុនពេលរៀបការ)
៣៖ ដី N (ជាទ្រព្យទទួលបានតាមរយៈអំណោយពីឪពុកម្តាយ)
៤៖ ប្រាក់ $5,000 ប្តីបានលក់រថយន្តទី១ បានប្រាក់ $20,000 ហើយដក $15,000 ទិញរថយន្តថ្មី ហេតុនេះ ប្រាក់ដែលបានមកពីការលក់រថយន្តទី១ នៅសល់ $5,000 ទៀត ជាទ្រព្យដោយឡែក។

ផ្អែកតាមអង្គហេតុខាងលើ ទ្រព្យដោយឡែករបស់ប្រពន្ធមាន៖

១៖ ដី M
២៖ រថយន្តទី២
៣៖ ប្រាក់សន្សំ $10,000 ៕

រៀបរៀងដោយ៖ លោកស្រី កេត គន្ធាបុប្ផា មេធាវីនៃក្រុមមេធាវី ជេ ស៉ី និងជាសមាជិកវិភាគទានច្បាប់