(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ស្រ្តីរបស់តោខៀវ Chelsea បានឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Women Champions League ជាលើកដំបូង ក្រោយទម្លាក់គូប្រជែង Bayern Munich ក្នុងលទ្ធផល ៥-៣ ទាំងពីរជើងពីក្នុងវគ្គ ៤ក្រុមចុងក្រោយ។

ក្រុមស្រ្តី Chelsea បានបំបាក់ស្រ្តី Bayern Munich ក្នុងលទ្ធផល ៤-១ បញ្ចប់ជើងទី២ នៅក្បាលព្រលប់ថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីពួកគេបានបញ្ចប់ក្នុងលទ្ធផលចាញ់ ២-១ កាលពីជើងទី១ នៅទឹកដីអាល្លឺម៉ង់ ដើម្បីឡើងទៅប៉ះស្រ្តី FC Barcelona ដែលបានទម្លាក់ Paris Saint-Germain ផងនោះ។

ក្រុមបាល់ទាត់ស្រ្តី Chelsea ក៏ប្រកៀកទៅនឹងការឈ្នះពានស្រ្តីលីគកំពូលអង់គ្លេស FA Women Super League រដូវកាលនេះដែរ ប្រសិនបើអាចយកឈ្នះស្រ្តី Tottenham Hotspur និង Reading សម្រាប់ ២ប្រកួតដែលនៅសល់ ដ្បិតពួកគេក៏បានលើកពាន League Cup ក្រោយផ្តួល Briston City ៦-០ នៅវគ្គផ្តាច់ព្រ័ត្រ។

ដូចគ្នានោះដែរ ក្រុម Chelsea ផ្នែកបុរសក៏ប្រកៀកឡើងទៅវគ្គ Final នៃ UCL ផងដែរ ដែលត្រូវប្រកួតបញ្ចប់ជើងទី២ ទល់នឹង Real Madrid សប្តាហ៍នេះដែលពួកគេបានបញ្ចប់លទ្ធផលស្មើគ្នា ១-១ កាលពីជើងទី១ នៃវគ្គ ៤ក្រុមចុងក្រោយនៅទឹកដីអេស្ប៉ាញ៕