(អាមេរិក)៖ ក្រុមហ៊ុន Intel Corp បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញនេះថា ខ្លួននឹងវិនិយោគទឹកប្រាក់ ៦០០លានដុល្លារបន្ថែម ទៀតនៅក្នុងប្រទេសអ៊ីស្រាអែលដើម្បីពង្រីកការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងបានបញ្ជាក់ថាខ្លួនបានចំណាយប្រាក់ច ១០ ពាន់លានដុល្លារសម្រាប់រោងចក្រផលិតបន្ទះឈីបថ្មីមួយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រកាសនេះត្រូវបាន ធ្វើ ឡើងក្នុងដំណើរទស្សនកិច្ចរបស់នាយកប្រតិបត្តិ Intel លោក Pat Gelsinger នៅប្រទេសអ៊ីស្រាអែល ដែលជាផ្នែកមួយ នៃដំណើរទស្សនកិច្ចក្នុងតំបន់អឺរ៉ុប ដែលរួមមានប្រទេសអាល្លឺម៉ង់ និងបែលហ្ស៊ិក កាលពីសប្តាហ៍មុន។

ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំនេះបាននិយាយថា ទឹកប្រាក់ចំនួន ៦០០លានដុល្លារអាមេរិកនេះ នឹងត្រូវបែកចែកជាពីរផ្នែកគឺ ៤០០ លានដុល្លារ នឹងត្រូវវិនិយោគបន្ថែមនៅ Mobileye ជាការិយាល័យកណ្តាលរបស់ខ្លួននៅទីក្រុង Jerusalem ដែលជា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ។

ចំណែក ២០០លានដុល្លារទៀត នឹងបង្កើតជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដែលហៅថា IDC12 ដែលមានទីតាំង ស្ថិតនៅទីក្រុងកំពង់ផែ Haifa ភាគខាងជើងជាប់នឹងមជ្ឈមណ្ឌលអភិវឌ្ឍន៍របស់ក្រុមហ៊ុននាបច្ចុប្បន្ន។

លោក Gelsinger បាននិយាយថា ការវិនិយោគនេះវាមិនត្រឹមតែជាការបង្កើតនូវបន្ទះឈីបដ៏អស្ចារ្យនោះទេ ប៉ុន្តែវាក៏ជាការបង្កើតឱ្យកាសការងារថ្មីយ៉ាងហោចណាស់ ៦០០០នាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Intel បានទិញក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែលធំៗចំនួន៣ គឺ Mobileye ក្នុងតម្លៃជាង ១៥ពាន់លានដុល្លារ កាលពីឆ្នាំ២០១៧, ក្រុមហ៊ុនផលិតឈីបសញ្ញាសិប្បនិម្មិត (AI) Habana តម្លៃ ២ពាន់លាន ដុល្លារ កាលពីឆ្នាំ ២០១៩ និងក្រុមហ៊ុន Moovit កាលពីឆ្នាំ២០២០ ក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិក៕