(ពិភពលោក)៖ មានសត្វជាច្រើនដែលធម្មជាតិផ្ដល់ឱ្យពួកវានូវការធ្វើចលនាបានយ៉ាងលឿនមហិមា ពោលគឺរហូតដល់រាប់រយគីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងចំណោមសត្វទាំងនោះ មានសត្វខ្លះហោះហើរលើអាកាស សត្វខ្លះហិចហែលក្នុងទឹក និងសត្វខ្លះទៀតបោលរត់នៅលើដីជាដើម។

ខាងក្រោមនេះជាបញ្ជីឈ្មោះសត្វទាំង ១០ ប្រភេទ ដែលមានល្បឿនលឿនបំផុតក្នុងលោក៖

១០៖ ទន្សាយស្លឹកពណ៌ត្នោត ឬទន្សាយព្រៃពណ៌ត្នោត (Brown Hare)

ជើងក្រោយវែងៗរបស់ទន្សាយស្លឹកពណ៌ត្នោត ជួយឱ្យសត្វប្រភេទនេះអាចរត់បានលឿនរហូតដល់ ៧៧ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាមានល្បឿនស្មើនឹងសត្វកញ្ជ្រោងពណ៌ក្រហម ដែលតែងតែដេញចាប់ពួកវាស៉ីជាអាហារ។

៩៖ គោព្រៃពណ៌ខៀវនៅអាហ្វ្រិក (Blue Wildebeest)

គោព្រៃពណ៌ខៀវនៅអាហ្វ្រិកនេះ អាចរត់ក្នុងល្បឿនប្រហែល ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនេះស្ទើរតែស្មើនឹងល្បឿនអតិបរមារបស់សត្វតោ។ ប្រភេទសត្វ Springbok និងសត្វ Thompson's gazelle ក៏មានល្បឿនប្រហែលនឹងគោព្រៃ Blue Wildebeest នេះដែរ។

៨៖ ត្រីម៉ារលីន (Marlin)

ត្រីម៉ារលីន អាចហែលបានប្រហែល ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះអាចនិយាយបានថា វាបានបំបែកកំណត់ត្រានាមត្រីដែលមានល្បឿនលឿនបំផុតរបស់ពិភពលោក ប្រហាក់ប្រហែលនឹងត្រីក្តោង (Sail Fish)។

៧៖ ពពែព្រងហ៊ន (Pronghorn Antelope)

ពពែព្រងហ៊ន ជាថនិកសត្វម្យ៉ាងដែលមានល្បឿនលឿនលំដាប់ទី២ បើនិយាយពីសត្វរស់នៅលើដី គឺមានល្បឿនប្រមាណ ៩៨ គីឡូម៉ែត្រក្នុងមួយម៉ោង។

៦៖ ត្រីក្តោង (Sailfish)

ត្រីក្តោងនេះ ជាប់ឈ្មោះជាត្រីដែលមានល្បឿនលឿនបំផុត នៅពេលហែលនៅក្នុងទឹក គឺដល់ទៅ ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង។

៥៖ ខ្លាជីតា (Cheetah)

ខ្លាជីតា ជាសត្វប្រមាញ់ជំនាញខាងរត់ ដែលត្រូវបានគេកំណត់ល្បឿនខ្ពស់បំផុត ១១៣ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយគ្មានអម្បូរខ្លាណារត់បានលឿនជាងវានោះទេ។

៤៖ បក្សី Spur-Winged Goose

បក្សី Spur-Winged Goose ជាសត្វស្លាបដែលហើរបានលឿនបំផុតលំដាប់ពិភពលោក ក្នុងល្បឿន ១៤២ គីឡូម៉ែត្រក្នុងមួយម៉ោង។

៣៖ បក្សីចម្បាំង (Frigate Bird)

បក្សីចម្បាំង Frigate Bird មានល្បឿន ១៥៣ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារតែវាមានស្លាបធំ។ ពួកវាអាចស្ថិតលើអាកាសបានលើសពីមួយសប្តាហ៍ ក្នុងពេលហោះហើរម្តងៗ។

២៖ បក្សី White Throated Needletail

បក្សី White Throated Needletail គឺជាបក្សីដែលមានល្បឿនលឿនបំផុតក្នុងពេលហោះហើរ ជាមួយនឹងកំណត់ត្រាល្បឿនខ្ពស់បំផុត ១៧១ គីឡូម៉ែត្រក្នុងមួយម៉ោង។

១៖ ស្ទាំង Peregrine Falcon

ស្ទាំង Peregrine Falcon គឺជាបក្សីដែលមានល្បឿនលឿនបំផុត គឺលឿនជាងសត្វណាៗទាំងអស់លើផែនដីនេះ នៅពេលដែលវាបោះពួយដើម្បីប្រមាញ់ចំណី គឺមានល្បឿនដល់ទៅ ៣២២ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ៕