(ភ្នំពេញ)៖ លោក គីម ភក្ដី គ្រូបង្វឹកក្រុមបឹងកេត បានចាត់ទុកការលើកពេលប្រកួតពូល G នៃពានរង្វាន់ AFC Cup 2021 ទៅថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ គឺជារឿងល្អសម្រាប់ខ្លួន ដែលមិនទាន់ធ្វើការប្រមូលផ្ដុំហ្វឹកហាត់នៅឡើយ ដោយសារការរីករាលដាលខ្លាំង នៃជំងឺកូវីដ-១៩។

ម្ចាស់ពានគ្រូបង្វឹកល្អឆ្នាំ២០២០ ខាងលើបានបញ្ជាក់ថា «ការលើការប្រកួតទៅចុងខែមិថុនា វាជាពេលវេលាល្អមួយ ក្នុងស្ថានភាពរបស់យើងនាពេលបច្ចុប្បន្ន។ គិតពីពេលនេះ យើងកំពុងតែស្រពិចស្រពិលនៅឡើយពីស្ថានភាពជំងឺកូវីដ នៅប្រទេសរបស់យើង ដោយសារក្រុមយើងមិនទាន់បានប្រមូលផ្តុំគ្នាធ្វើការហ្វឹកហាត់នៅឡើយទេ។ ខ្ញុំសង្ឃឹមថា នាពេលដ៏ខ្លីខាងមុខនេះ យើងអាចបើកការហ្វឹកហាត់វិញបាន ព្រោះអ្វីដែលខ្ញុំបារម្ភគឺការប្រកួត AFC នេះ ដែលមានក្រុមខ្លះដូចជា Hanoi គេកំពុងមានការប្រកួតជាប់ក្នុងលីគគេ»

ពាក់ព័ន្ធនឹងការដកខ្លួនរបស់ក្លិបមីយ៉ាន់ម៉ា ដែលនាំឲ្យក្រុម Chanthabouly របស់ឡាវ ឬក្រុម Kasuka របស់ព្រុយណេ ត្រូវប្រកួតដណ្ដើមកៅអីមកបំពេញបេក្ខភាពចុងក្រោយនៃពូល G វិញ លោក គីម ភក្ដី បានអះអាងថា មិនមានផលចំណេញអ្វីនោះទេ ព្រោះក្រុមទាំងពីរ សុទ្ធតែមានលក្ខណៈគ្រប់គ្រាន់ ដើម្បីឡើងមកជំនួសក្រុមរបស់មីយ៉ាន់ម៉ា ទោះក្រុមណាឡើង ក៏លោកមិនអាចមើលរំលងបានដែរ ពិសេស ២ក្រុមផ្សេងទៀតដែលស្ថិតក្នុងពូលស្រាប់ គឺក្រុម Hanoi របស់វៀតណាម និងក្រុម Bali United របស់ឥណ្ឌូនេស៊ីតែម្ដង។

យ៉ាងណាមិញមុនការប្រកួត AFC Cup 2021 គេសង្កេតឃើញក្រុមជើងឯកលីគឆ្នាំ២០២០ នេះ ធ្វើពុំបានល្អឡើយ សម្រាប់ ២ប្រកួតដំបូង នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ក្រោយបរាជ័យផ្ទួនៗលើទឹកដីរបស់ខ្លួន។ ប៉ុន្ដែលោក គីម ភក្ដី បានបង្ហាញសុទិដ្ឋិនិយម ដោយជឿជាក់លើកូនក្រុមរបស់ខ្លួន និងខិតខំប្រឹងប្រែង ដើម្បីកែប្រែប្រវត្តិបាល់ទាត់របស់ខ្លួនឲ្យខានតែបាន ពិសេសក្នុងការប្រកួតពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ហើយលោកសង្កត់ធ្ងន់ថា នេះគឺជាឱកាសរបស់ពួកគេក្នុងការអភិវឌ្ឍន៍បាល់ទាត់អាជីពពិតប្រាកដ៕