(តូរីន)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម ២រូបមាន Cristiano Ronaldo និង Lionel Messi បានធ្វើរឿងមួយដូចគ្នាដោយរកបាន ២គ្រាប់ក្នុង ១ប្រកួតសម្រាប់លីគកំពូលអ៉ីតាលី Serie A និង La Liga របស់អេស្ប៉ាញ ដោយក្រុមសេះបង្កង់ Juventus វាយបកយកឈ្នះម្ចាស់ផ្ទះ Udinese ២-១ ខណៈ Messi ស៊ុតវាយបកឲ្យ FC Barcelona បំបាក់ក្រុម Valencia ៣-២ យ៉ាងអស្ចារ្យ។

Juventus បានព្យាយាមស្វែងរកគ្រាប់ឡើងវិញ បន្ទាប់ពីត្រូវគូប្រជែង Udinese ស៊ុតនាំមុខមុនក្នុងការប្រកួតតាំងពីនាទីទី១០ គ្រាដែលជ័យជម្នះនេះធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Ronaldo ពីការស៊ុតបាល់ ១១ម៉ែត្របានសម្រេចនៅនាទី៨៣ និងការស៊ុតដោយបច្ចេកទេសនៅនាទី៨៩ បានយ៉ាងល្អដែលធ្វើឲ្យក្រុមនេះឈរនៅលេខរៀងទី៣ រកបាន ៦៩ពិន្ទុនៃលីគ Serie A ដោយនៅសស់ ៤ប្រកួតត្រូវបញ្ចប់រដូវកាល ២០២០-២០២១ នៅពេលក្រុម Inter Milian បានប្រកាសលើកពានរួចទៅហើយនោះ។

ដូចគ្នានោះដែរ បច្ចុប្បន្ននេះខ្សែប្រយុទ្ធ Ronaldo កំពុងនាំមុខគេកំពូលតារាងស៊ុតបាន ២៧គ្រាប់ច្រើនជាងគេបណ្តោះអាសន្នដែលអាចឈានទៅរកការឈ្នះពានរង្វាន់ស្បែកជើងមាសផងដែរ។

ក្នុងនោះកីឡាករ Lionel Messi ក៏ស៊ុតបាន ២៨គ្រាប់នៅកំពូលតារាងស៊ុតបានច្រើនគ្រាប់ជាងគេនៅ La Liga ក្រោយស៊ុតបន្ថែមបាន ២គ្រាប់ក្នុងជំនួបវាយបកយកឈ្នះក្រុម Valencia ៣-២ ដែលកំពុងប្រដេញគ្នានៅតំបន់ (Top4) រកបាន ៧៤ពិន្ទុស្មើជាមួយ Real Madrid ខណៈ At Madrid មាន ៧៦ពិន្ទុឈរលើគេបណ្តោះអាសន្នផងដែរ គិតត្រឹមសប្តាហ៍ទី៣៤៕