(អាំស្ទើដាំ)៖ ក្រុមខ្លាំង Ajax Amsterdam បានលើកពានប្រចាំលីគហូឡង់ Eredivisie 2020-2021 ជាលើកទី៣៥ ក្នុងប្រវត្តិសាស្ត្រក្លិប ក្រោយផ្តួលគូប្រជែង FC Emmen ក្នុងលទ្ធផល ៤-០ នៅរាត្រីថ្ងៃអាទិត្យ ទី០២ ខែឧសភានាកីឡដ្ឋាន Johan Cruyff Arena ដែលជាការដឹកនាំដោយលោក Erik ten Hag។

តាមរយៈលទ្ធផលនេះ បានធ្វើឲ្យក្រុម Ajax លើកពានរង្វាន់លីគ Eredivisie បានចំនួន ៣៥ដងក្នុងប្រវត្តិសាស្ត្រក្លិបចាប់តាំងពីឆ្នាំ១៩១៧ មកម្ល៉េះ ខណៈ Ajax បានលើកពាននេះត្រឹមរកបាន ៧៩ពិន្ទុក្នុងសប្តាហ៍ទី៣១ នៃការប្រកួតសរុប ៣៤ប្រកួតដែលមាន ១៨ក្លិបចូលរួមប្រជែងរួមមាន PSV និង AZ Alkmaar ដែលនៅសល់ ៣ប្រកួតដូចគ្នានោះមិនអាចតាមពិន្ទុទាន់ក៏ដោយ។

គួររំលឹកផងថា កាលពីរដូវកាលឆ្នាំ២០១៩-២០២០ លីគហូឡង់ Eredivisie ត្រូវបានលុបចោល ដោយសារវិបត្តិ COVID-19 ដែលលេងបាន ២៥ប្រកួតប៉ុណ្ណោះ ខណៈនេះជាការដឹកនាំឈ្នះពានលើកលីគកំពូល ២លើករបស់លោក Erik ten Hag ដែលទើបបន្តកិច្ចសន្យាថ្មីជាមួយក្លិបរហូតដល់ឆ្នាំ២០២៣៕