(ភ្នំពេញ)៖ បន្ទាប់ពីទទួលដំណឹងថា លោកស្រី ប្រាក់ ផល្លី ដែលជាភរិយារបស់កវីនិពន្ធចម្រៀង ជុំ ប៊ុនធឿន កំពុងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ ដោយសារមានបញ្ហាសួតធ្ងន់ធ្ងរនោះ នៅពេលនេះតារាចម្រៀងលំដាប់ប្រទេសលោក ព្រាប សុវត្ថិ បានសម្តែងការដឹកគុណ ក៏ដូចជាចូលរួមរំលែកការលំបាក ដោយបានបរិច្ចាគប្រាក់ចំនួន១ពាន់ដុល្លារអាមេរិក ដល់ក្រុមគ្រួសារលោក ជុំ ប៊ុនធឿន។

អ្នកនាង ប៊ុនធឿនផល្លី ពៅពិសី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា តារាចម្រៀងប្រុសលោក ព្រាប សុវត្ថិ បានបរិច្ចាគប្រាក់ចំនួន ១ពាន់ដុល្លារ ដើម្បីសម្រាលថ្លៃព្យាបាលម្តាយរបស់ខ្លួន។ កូនស្រីកវីនិពន្ធ ជុំ ប៊ុនធឿន បានថ្លែងអំណរគុណដល់តារាចម្រៀង ព្រាប សុវត្ថិ ដែលបានជួយសម្រាលទុក្ខលំបាក ដែលក្រុមគ្រួសារនាងកំពុងប្រឈមនេះ។

រហូតមកទល់នឹងពេលនេះ ស្ថានភាពជំងឺរបស់ភរិយាកវីនិពន្ធ ជុំ ប៊ុនធឿន នៅតែមិនទាន់ធូរស្រាល ដោយមានអាការៈក្ដៅខ្លួន ដាក់អុកស៊ីសែនជាប្រចាំ និងប្ដូរថ្នាំជាបន្តបន្ទាប់ ពោលគឺកំពុងតែស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ ខណៈបច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងបន្តតាមដានជំងឺ ហើយថ្លៃថ្នាំក៏ត្រូវការចំណាយច្រើនដែរ។

គួរជម្រាបថា លោកស្រី ប្រាក់ ផល្លី ដែលជាភរិយារបស់កវីនិពន្ធ ជុំ ប៊ុនធឿន ត្រូវបានក្រុមគ្រូពេទ្យរកឃើញថា បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩ លោកស្រីកំពុងមានជំងឺសួតធ្ងន់ធ្ងរ ដោយគ្រូពេទ្យប្រាប់ថា សួតរបស់លោកស្រីគឺនៅតិចតួច និងមានអាការៈហត់ខ្លាំង ហើយកំពុងតែសង្គ្រោះបន្ទាន់នៅបន្ទប់ ICU នៃមន្ទីរពេទ្យរុស្សី ដែលបញ្ចូនទៅព្យាបាលតាំងពីថ្ងៃទី២៧ ខែមេសា។

កូនស្រីកវីនិពន្ធ ជុំ ប៊ុនធឿន ក៏បានអំពាវនាវផងដែរ ទៅដល់សប្បុរសជន ជាពិសេសអ្នកសិល្បៈ ដែលមានទឹកចិត្តអាចជួយដល់ក្រុមគ្រួសាររបស់នាង ព្រោះពេលនេះកំពុងមានការខ្វះខាតខ្លាំង ព្រោះម្តាយរបស់នាងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យរុស្សី ស្រពពេលជំងឺកូវីដ-១៩ កំពុងវាយលុកខ្លាំងនៅក្នុងប្រទេសផងនោះ ធ្វើឲ្យនាងពិបាក ជាពិសេសគឺបញ្ហាចំណាយក្នុងការព្យាបាលតែម្តង។ ដូច្នេះសម្រាប់បណ្តាសប្បុរសជនដែលចង់ជួយដល់ភរិយារបស់កវីនិពន្ធ ជុំ ប៊ុនធឿន អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 098 299 558 ឬតាមរយៈគណនីធនាគារ ABA៖ BUNTHOEUNPHALLYPOVPISEY 000314357៕