(អាមេរិក)៖ កញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជា រ៉េត សារីតា បានទៅដល់ទឹកដីសហរដ្ឋអាមេរិកហើយ ដើម្បីចូលរួមការប្រកួតក្នុងកម្មវិធី «Miss Universe» លើកទី៦៩ ដែលនឹងរៀបចំឡើង នៅរដ្ឋ Florida សហរដ្ឋអាមេរិក។ យ៉ាងណាមិញ ខណៈកម្មវិធីប្រកួតមិនទាន់ចាប់ផ្តើមនោះ បេក្ខនារីរូបនេះ ត្រូវបានសហគមន៍ខ្មែរនៅអាមេរិកទទួលការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការទៅកាន់សហរដ្ឋអាមេរិក ជាពិសេសគ្រប់គ្នាសុទ្ធតែសម្តែងការគាំទ្រ និងកោតសរសើរពីសមត្ថភាពរបស់បេក្ខនារីខ្មែរ កញ្ញា រ៉េត សារីតា ក្នុងការឈានជើងប្រកួតកម្មវិធីបវរកញ្ញាលំដាប់ពិភពលោក «Miss Universe»។

តាមរយៈសកម្មភាពពេលទៅដល់ទឹកដីសហរដ្ឋអាមេរិក កញ្ញា រ៉េត សារីតា បានបង្ហាញក្នុងបណ្តាញសង្គមថា ខ្លួនត្រូវបានបងប្អូនខ្មែរនៅអាមេរិក នាំទៅទស្សនាកំសាន្តនៅទីលានវាយកូនហ្គោល និងបានទៅវត្តខ្មែរនៅអាមេរិក ដើម្បីឲ្យព្រះសង្ឃប្រោសព្រំយកសិរីសួស្តី។ បន្ថែមពីនេះ ក៏មានពិធីស្វាគមន៍កញ្ញា ដែលត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅផងដែរ។

ក្នុងដំណើរចេញទៅប្រកួត របស់កញ្ញា រ៉េត សារីតា ក្នុងនាមជាបវរកញ្ញាតំណាងកម្ពុជាលើកនេះ ត្រូវបានបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសគាំទ្រនាងយ៉ាងខ្លាំង។ ទោះបីជាស្ថិតក្នុងសម័យកាលកូវីដ-១៩ កំពុងវាយលុកក្តី តែកម្ពុជានៅតែបញ្ចូនបេក្ខនារីតំណាងប្រទេសរបស់ខ្លួន ទៅចូលរួមប្រកួតប្រជែងតាមការកំណត់ដដែល។

បេក្ខនារីកម្ពុជា ដែលមានសមត្ថភាពអាចនិយាយបាន៣ភាសា និងមានជំនាញផ្នែកសិល្បៈក្នងខ្លួនជាច្រើនឆ្នាំរូបនេះ នឹងបាននាំយកនូវឈុតតំណាងជាតិ ដែលមានឈ្មោះថា «ទេពរួបរួម» និងក្បាច់គុនល្បុក្កតោខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិ ខណៈកម្មវិធីលើកទី៦៩ ដែលនឹងរៀបចំឡើង នៅរដ្ឋ Florida សហរដ្ឋអាមេរិកនេះ នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅពាក់កណ្តាលខែឧសភានេះ៕