(អាមេរិក)៖ កាលពីខែមីនាកន្លងទៅនេះ មានព័ត៌មានជាច្រើនបានចេញផ្សាយទាក់ទងនឹង iPhone អេក្រង់បត់ ឬ Folder iPhone ដោយឡែកនៅពេលនេះ អ្នកវិភាគដ៏ល្បី បានអះអាងថា iPhone អេក្រង់បត់នឹងបង្ហាញខ្លួននៅឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។

ឆ្នាំ២០២១ ត្រូវបានគេចាត់ទុកថា ជាយុគសម័យនៃស្មាតហ្វូតអេក្រង់បត់ ដោយក្រុមហ៊ុនផលិតទូរស័ព្ទធំៗបានប្រកាសបង្ហាញ និងដាក់ចេញនៅលើទីផ្សារ ខណៈដែល Apple ក៏ត្រូវបានគេដឹងថា បានសំងំផលិត iPhone អេក្រង់បត់ផងដែរ។

លោក Ming-Chi Kuo អ្នកវិភាគដ៏ល្បីពាក់ព័ន្ធនឹងក្រុមហ៊ុន Apple បានអះអាងថា iPhone អេក្រង់បត់នឹងបង្ហាញខ្លួននៅឆ្នាំ២០២៣ នឹងលក់បានចន្លោះ ១៥ ទៅ ២០លានគ្រឿង ក្នុងឆ្នាំ២០២៣។ លោក Ming-Chi Kuo បានបញ្ជាក់បន្ថែមទៀតថា iPhone អេក្រង់បត់នឹងប្រើប្រាស់អេក្រង់ប្រភេទ OLED របស់ក្រុមហ៊ុន Samsung និងមានទំហំចន្លោះ ៧.៥ ទៅ ៨អ៊ីង។

ពាក់ព័ន្ធនឹងរចនារូបរាងនោះ លោក Ming-Chi Kuo មិនបានបញ្ជាក់ឲ្យដឹងនោះទេ គ្រាន់តែបញ្ជាក់ថា iPhone អេក្រង់បត់នេះនឹងត្រូវផលិតឡើងជាលក្ខណៈ eco-system ៕