(អេស្ប៉ាញ)៖ ក្លិបបាល់ទាត់របស់អេស្ប៉ាញ Valencia បានដកគ្រូបង្វឹក Javi Gracia ចេញពីតំណែង មួយថ្ងៃបន្ទាប់ពីក្រុមបានធ្លាក់ មកនៅត្រឹម៦ពិន្ទុ នៃតំបន់កាត់ចោល នៅលីគ La Liga, នេះបើតាមក្លិប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ។

លោក Javi Gracia, ដែលបានចូលកាន់តំណែង កាលពីចប់រដូវកាលមុននោះ, ត្រូវបានដកចេញពីតំណែង បន្ទាប់ពីក្រុមបានបរាជ័យក្នុងផ្ទះ ក្រោមថ្វីជើងក្រុម Barcelona ក្នុងលទ្ធផល៣-២ កាលពីថ្ងៃអាទិត្យ បានបណ្តាលឲ្យក្រុមឈរនៅលំដាប់ទី១៤ ដោយនៅសល់៤ប្រកួតទៀត។

បុគ្គលិកដែលបំពេញការងារជាយូរមកហើយ លោក Voro ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ន, ដោយនេះគឺជាលើកទី៧ហើយ ដែលលោកបានទទួលបន្ទុកជាគ្រូបង្វឹកបណ្តោះអាសន្ននេះ៕