(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធ Michail Antonio រកបាន ២គ្រាប់ដែលជាការវាយបកជួយ ក្រុមញញួរធំ West Ham United យកឈ្នះម្ចាស់ផ្ទះ Burnley ២-១ បន្តក្តីសង្ឃឹមប្រជែងកៅអី Top-4 ជាបន្តទៀត ដើម្បីលេងនៅ UEFA Champions League រដូវកាលក្រោយ។

កីឡាករពាក់លេខ៣០ Antonio រកបាន ២គ្រាប់ភ្លាមៗ នៅក្រោយពេល Chris Wood រកបានគ្រាប់នាំមុខឲ្យ Burnley ដោយបាល់ ១១ម៉ែត្រនៅនាទី១៩ ដែលធ្វើឲ្យ West Ham ឡើងមកឈរនៅលេខរៀងទី៥ វិញដោយមាន ៥៨ពិន្ទុចាញ់ក្រុមលេខ៤ តោខៀវ Chelsea តែ ៣ពិន្ទុប៉ុណ្ណោះគិតត្រឹមសប្តាហ៍ទី៣៤ ជើងទី២ នេះ។

Antonio ដែលទើបជាពីបញ្ហារបួសសរសៃពួរដែលធ្វើរូបគេអវត្តមានរហូតដល់ ៤សប្តាហ៍ផងនោះបានថ្លែង ក្រោយចប់ការប្រកួតថា «វាមិនគួរឲ្យជឿទេថាពួកយើងអាចធ្វើបានពេលមានកៅអីលេងនៅ UEFA Champions League។ ខ្ញុំមកទីនេះ ២ឆ្នាំហើយ។ ពួកយើងបានខំលេងខ្លាំងណាស់ ដើម្បីឈរជើងនៅ Premier League ជាមួយនឹងគោលដៅបន្ទាប់ក្នុងតំណែង Top-4»

ក្រឡេកទៅមើល Burnley វិញ នេះជាការបរាជ័យលើកទី១៦ របស់ពួកគេក្នុងចំណោម ៣៤ប្រកួតដោយឈរនៅលេខរៀងទី១៦ មាន ៩ពិន្ទុនៅក្រៅតំបន់កាត់ចេញពី Premier League ដ្បិតពួកគេនៅសល់ ៤ប្រកួតក្នុងដៃមុនបិទរដូវកាលដូចគ្នា៕