(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក Apple បានប្រកាសឲ្យដឹងថាថ្មីៗនេះថាខ្លួនបានតែងតាំងអតីតថ្នាក់ដឹកនាំកំពូលមួយរូបរបស់ក្រុមហ៊ុន Google គឺលោក Samy Bengio ដែលជាអ្នកវិទ្យាសាស្រ្ត និងជាអ្នកស្រាវជ្រាវខាងផ្នែកបញ្ញាសិប្បនិម្មិត AI។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យ Reuters នៅថ្ងៃទី០៤ ខែឧសភាឆ្នាំ ២០២១ ។

លោក Samy Bengio ត្រូវបានក្រុមហ៊ុន Apple ប្រកាសឲ្យដឹងថា នឹងត្រូវធ្វើការជាមួយលោក John Giannandrea ដែលជាអតីតវិស្វករ និងជាអ្នកវិទ្យាសាស្ត្រដ៏ជំនាញមួយរូបរបស់ក្រុមហ៊ុន Google ដូចគ្នា ហើយអ្នកទាំងពីរនឹងត្រូវធ្វើការស្រាវជ្រាវទៅលើសញ្ញាសិប្បនិម្មិត AI ប៉ុន្តែក្រុមហ៊ុន Apple មិនបានបញ្ជាក់ថាការស្រាវជ្រាវទៅលើសញ្ញាសិប្បនិម្មិតនេះនឹងត្រូវធ្វើឡើងក្នុងគោលបំណងអ្វីនោះទេ។

លោក Samy Bengio បានចាកចេញពីក្រុមហ៊ុន Google កាលពីសប្តាហ៍មុន បន្ទាប់ពីបានបម្រើការងារអស់រយ:ពេល ១៤ឆ្នាំ ហើយកាលពីខែមុន លោកក៏បានប្រកាសថា លោកកំពុងស្វែងរកការងារដែលគួររំភើប និងអស្ចារ្យសម្រាប់ខ្លួនលោក។

លោក Samy Bengio បានសម្រេចចិត្តចាកចេញពី Google ដោយសារតែ Google បានគំរាមបណ្ដេញអ្នកវិទ្យាសាស្ត្រស្រីមួយរូបដែលធ្វើការជាមួយលោក ក្រោមហេតុផលថា នាងបានលួចផ្ញើឯកសារក្រុមហ៊ុនចេញទៅក្រៅ ដែលទង្វើនេះបានធ្វើឲ្យលោក Samy Bengio ដែលជាប្រធានផ្នែកមិនពេញចិត្ត និងបានលាឈប់តែម្ដង៕