(បរទេស)៖ នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ជីវិតមនុស្សមិនតិចនោះឡើយដែលបានស្លាប់ដោយសារជំងឺកាចសាហាវជាច្រើន ដូច្នេះហើយដើម្បីទប់ស្កាត់ការរីករាលដាល មនុស្សបានខិតខំពិសោធន៍ស្រាវជ្រាវ និងផលិតថ្នាំបង្ការ (Vaccine) ឡើង សម្រាប់បង្កើនការប្រយុទ្ធប្រឆាំងជាមួយមេរោគ-ជំងឺទាំងនោះ។

ខាងក្រោមនេះជាវ៉ាក់សាំងទាំង ១០ ប្រភេទ ដែលមានមនុស្សចាក់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ៖

១៖ ជំងឺគ្រុនស្វិតដៃជើង (Poliomyelitis ឬ Polio)

ជំងឺនេះបង្កឲ្យមានភាពខ្វិន។ វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង មានពីរប្រភេទ។ មួយប្រភេទ ហៅថា IPV ជាប្រភេទចាក់ ត្រូវបានប្រើប្រាស់ដំបូងនៅឆ្នាំ១៩៥៥។ មួយប្រភេទទៀត ហៅថា OPV ជាប្រភេទបន្តក់តាមមាត់ ត្រូវបានប្រើប្រាស់ដំបូងនៅឆ្នាំ១៩៦១។

២៖ ជំងឺតេតាណូស (Tetanus)

ជំងឺតេតាណូស បង្កឲ្យមានការកន្ត្រាក់សាច់ដុំយ៉ាងឈឺចាប់បំផុត និងអាចបង្កហានិភ័យដល់អាយុជីវិតផងដែរ។ វ៉ាក់សាំងបង្ការជំងឺតេតាណូស ត្រូវបានអភិវឌ្ឍឡើងដំបូងនៅឆ្នាំ១៩២៤។

៣៖ ជំងឺស្អូច (Rubella)

ជំងឺស្អូច បង្កឲ្យមានការឡើងរោងក្រហមលើស្បែក និងរោគសញ្ញាមួយចំនួនទៀត។ វាបង្កហានិភ័យខ្ពស់ចំពោះស្រ្តីមានផ្ទៃពោះ ជាពិសេសទារកក្នុងផ្ទៃ។ វ៉ាក់សាំងបង្ការជំងឺស្អូចទទួលបានអាជ្ញាបណ្ណឲ្យប្រើប្រាស់ដំបូងនៅឆ្នាំ១៩៦៩។

៤៖ ជំងឺរលាកស្រោមខួរ (Hib ឬ Haemophilus Influenzae type B)

ជំងឺនេះអាចបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរចំពោះប្រព័ន្ធភាពស៊ាំ និងធ្វើឲ្យខូចខួរក្បាល ឬក្នុងករណីអាក្រក់បំផុត គឺបាត់បង់ជីវិតបាន។ ភាគច្រើនជំងឺនេះវាយប្រហារលើកុមារតូចៗ។ វ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរ ទទួលបានអាជ្ញាបណ្ណឲ្យប្រើប្រាស់ដំបូងនៅទសវត្សរ៍ឆ្នាំ១៩៨០។

៥៖ ជំងឺកញ្ជ្រឹល (Measle)

ជំងឺនេះបង្ករោគសញ្ញាស្រដៀងនឹងជំងឺស្អូចដែរ រួមមាន ស្បែកឡើងរោល ឬកន្ទួលក្រហមជាដើម។ វាមិនបង្កហានិភ័យខ្ពស់ចំពោះស្រ្តីមានផ្ទៃពោះ និងកូនក្នុងផ្ទៃដូចជំងឺស្អូចទេ ប៉ុន្តែរោគសញ្ញាវាគឺធ្ងន់ធ្ងរជាងជំងឺស្អូច។ វ៉ាក់សាំងបង្ការជំងឺកញ្រ្ជឹលត្រូវបានអភិវឌ្ឍឡើងដំបូងនៅឆ្នាំ១៩៦៣។

៦៖ ជំងឺក្អកមាន់ (Whooping Cough ឬ Pertussis)

វាជាជំងឺក្អក់ដែលមានសភាពធ្ងន់ធ្ងរខ្លាំងមួយ។ វ៉ាក់សាំងបង្ការជំងឺក្អក់មាន់ត្រូវបានអភិវឌ្ឍឡើងដំបូងនៅទសវត្សរ៍ឆ្នាំ១៩៣០។

៧៖ ជំងឺហើមក្រឡទែន (Mumps)

ជំងឺនេះកើតឡើងដោយសារការហើមក្រពេញបញ្ចេញទឹកមាត់ ដែលជាហេតុធ្វើឲ្យថ្គាម និងថ្ពោលមានសភាពប៉ោង។ វ៉ាក់សាំងបង្ការជំងឺហើមក្រឡទែនទទួលបានអាជ្ញាបណ្ណប្រើប្រាស់នៅឆ្នាំ១៩៦៧។

៨៖ ជំងឺអុតស្វាយ (Chickenpox ឬ Varicella)

ជំងឺអុតស្វាយមានអាការៈឡើងកន្ទោលលើស្បែកដូចរោលជ័រស្វាយ ទើបខ្មែរយើងថា «អុតស្វាយ»។ វ៉ាក់សាំងបង្ការជំងឺអុតស្វាយ ត្រូវបានអភិវឌ្ឍឡើងដំបូងនៅទសវត្សរ៍ឆ្នាំ១៩៧០។

៩៖ ជំងឺខាន់ស្លាក់ (Diphtheria)

ជំងឺនេះបង្កផលប៉ពាល់ដល់ច្រមុះ និងបំពង់ក ដែលឈានទៅពិបាកដកដង្ហើម ពិបាកលេប ឬខ្សោយបេះដូង និងអាចឈានដល់ការបាត់បង់ជីវិតថែមទៀតផង។ វ៉ាក់សាំងជំងឺខាន់ស្លាក់ ត្រូវបានអភិវឌ្ឍឡើងដំបូងនៅទសវត្សរ៍ឆ្នាំ១៩២០ និងប្រើប្រាស់ទូលំទូលាយនៅទសវត្សរ៍ឆ្នាំ១៩៣០។

១០៖ ជំងឺគ្រុនផ្តាសាយធំ (Flu ឬ Influenza)

ជំងឺនេះមានរោគសញ្ញាស្រដៀងនឹងជំងឺផ្តាសាយធម្មតា ប៉ុន្តែបង្កផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងចំពោះសុខភាព។ វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយធំ ត្រូវបានអភិវឌ្ឍឡើងដំបូងកាលពីទសវត្សរ៍ឆ្នាំ១៩៤០ ប៉ុន្តែត្រូវបានបន្តអភិវឌ្ឍរហូតមកទល់ពេលបច្ចុប្បន្ន ដោយសារវីរុសបង្កជំងឺនេះចេះតែមានការប្រែប្រួលជាប់ជានិច្ច។

សូមជម្រាបថា ការចាក់វ៉ាក់សាំងទូលំទូលាយ ហើយភាគច្រើនកើតឡើងតាំងតែពីកុមារភាពទៀតនោះ បានជួយកាត់បន្ថយ ឬសឹងតែលុបបំបាត់ទាំងស្រុងនូវជំងឺមួយចំនួនដែលធ្លាប់តែមានការរីករាលដាលខ្លាំង ហើយដោយសារតែវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ ភាពគំរាមកំហែងនៃជំងឺទាំងនេះ ពេលខ្លះយើងសឹងតែភ្លេច ឬលែងសូវមានក្តីបារម្ភតទៅទៀតចំពោះពួកវា។

ចំពោះវ៉ាកសាំងបង្ការជំងឺកូវីដ-១៩នេះ ក៏អាចនិយាយបានថាមានអ្នកចាក់បង្ការច្រើនជាងគេផងដែរ ពីព្រោះពិភពលោកត្រូវពន្លឿនការការពារជីវិតមនុស្សឱ្យបានកាន់តែច្រើន ខណៈឥទ្ធិពលជំងឺដ៏កាចសាហាវនេះនៅតែបន្តវាយលុកយ៉ាងខ្លាំងដដែល៕