(ភ្នំពេញ)៖ លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានឲ្យដឹងថា រហូតមកទល់ខែឧសភានេះ ដំណើរការជួសជុលកីឡដ្ឋានស្ដាតចាស់ សម្រេចបានសមិទ្ធផលប្រមាណ ៦០% ហើយ ដោយលោករំពឹងថា នឹងបញ្ចប់តាមផែនការនៅដំណាច់ខែមិថុនា ទោះបីមានផលប៉ះពាល់តិចតួចក្នុងការដឹកជញ្ជូនសម្ភារៈអំឡុងពេលបិទខ្ទប់ ដោយសារវិបត្តិកូវីដ-១៩ ក៏ដោយ។

អគ្គលេខាធិការដដែលបានបន្ដថា សម្រាប់ផែនការជួសជុលកីឡដ្ឋានស្ដាតចាស់ដំណាក់កាលទី១ គឺផ្ដោតលើការផ្លាស់ប្ដូរស្មៅធម្មជាតិថ្មី ក៏ដូចជាការបំពាក់ប្រព័ន្ធរំដោះទឹក និងស្រោចស្រប់ទឹកដោយស្វ័យប្រវត្តិ ហើយមកទល់ពេលនេះការបំពាក់ប្រព័ន្ធទឹក និងការដាំស្មៅធម្មជាតិ បានរួចរាល់ហើយ គ្រាដែលក្រុមការងារកំពុងយកចិត្តទុកដាក់ថែទាំ ដើម្បីត្រៀមស្វាគមន៍ការប្រកួតលីគនៅជុំទី២ នាពេលខាងមុខ។

លោកបញ្ជាក់ថា «ទាក់ទងនឹងទីលានរបស់យើង ឥឡូវនេះបានដាំស្មៅរួចរាល់ហើយ ហើយកំពុងយកចិត្តទុកដាក់ថែទាំដាក់ជីស្រោចទឹក ដើម្បីឲ្យវាលូតលាស់បានល្អ និងទាន់ពេលនៃការប្រកួតរបស់យើងនៅជុំទី២។ យើងគិតថាអាចនឹងរួចរាល់ទាន់ពេលវេលានៅខែកក្កដា ព្រោះក្នុងរយៈពេលបិទខ្ទប់ គឺយើងនៅដំណើរការធម្មតា ដោយសារក្រុមការងារយើងគាត់ស្នាក់នៅ និងធ្វើការក្នុងស្ដាតតែម្ដង ចឹងគាត់អាចបន្ដការងារបាន មិនមានការរាំងស្ទះអ្វីនោះទេ»

ជុំវិញការជួសជុលកីឡដ្ឋានស្ដាតចាស់ខាងលើនេះបានចាប់ផ្ដើមដំណើរការកាលពីដើមខែមីនា ដោយគ្រោងចំណាយថវិកាប្រមាណ ១៥ម៉ឺនដុល្លារ ដែលនាំឲ្យក្រុមកងយោធពលខេមភូមិន្ទ ស្នើសុំ CNCC សម្រាប់ប្រកួតលីគជុំទី១ របស់ខ្លួន ត្រូវលេងក្រៅដីទាំងអស់រហូតដល់ជុំទី២ ទើបពួកគេបើកទ្វារផ្ទះស្វាគមន៍ក្រុមភ្ញៀវវិញ។ តែយ៉ាងណាមិញពេលនេះ លីគមិនទាន់បន្ដការប្រកួតនោះទេ បន្ទាប់ពីផ្អាកមួយរយៈ ដោយសាររីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។

គួរដឹងថា បន្ទាប់ពីបញ្ចប់ការជួសជុលផ្នែកទីលានប្រកួត អតីតក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ៣សម័យនេះនឹងបន្ដជួសជុលទ្រង់ទ្រាយធំ ក្នុងដំណាក់កាលទី២ ដោយគ្រោងវាយកន្លែងអង្គុយទស្សនា និងវេទិកាចាស់ចោល ហើយសាងសង់ថ្មីឡើងវិញ ដើម្បីត្រៀមស្វាគមន៍ការប្រកួតធំៗ ទាំងថ្នាក់ជាតិ និងអន្ដរជាតិនាចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដោយគ្រោងចំណាយថវិកាប្រមាណ ១លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ កាលពីថ្មីៗ៕