(កូរ៉េ)៖ អ្នកគាំទ្រក្រុមចម្រៀងបុរសល្បីឈ្មោះរបស់កូរ៉េ BTS សម្តែងការកោតសរសើរជាបន្តបន្ទាប់ ក្រោយទទួលបានដំណឹងថា តារាក្នុងដួងចិត្តរបស់ពួកគេ គឺលោក J-Hope សមាជិកក្រុម BTS បានធ្វើនូវអំពើសប្បុរសធម៌ ដោយបានបរិច្ចាគប្រាក់ចំនួន ១០០លានវ៉ុន ឬស្មើនឹង ៨៩,១៧៦ ដុល្លារអាមេរិក ជួយដល់ក្មេងៗដែលរងគ្រោះនៅ ប្រទេស Tanzania តំបន់អាហ្វ្រិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

យោងតាមមូលនិធិ «Green Umbrella Children’s Foundation» បានឲ្យដឹងថា លោក J-Hope សមាជិកក្រុម BTS បានបរិច្ចាគប្រាក់ ៨៩,១៧៦ ដុល្លារអាមេរិកទាំងនោះ នៅក្នុងថ្ងៃទិវាកុមារ ដែលត្រូវបានប្រារព្ធឡើងក្នុងប្រទេសកូរ៉េ នៅថ្ងៃទី០៥ ខែឧសភា។

លោក J-Hope សមាជិកក្រុម BTS ជឿជាក់ថាទឹកប្រាក់បរិច្ចាគរបស់លោក នឹងជួយគាំទ្រដល់កុមាររងគ្រោះ ដោយសារអំពើហឹង្សារ និងធ្វើឲ្យជីវិតរបស់ក្មេងៗនៅប្រទេស Tanzania នៃតំបន់អាហ្វ្រិក ទាំងនោះមានភាពប្រសើរឡើង។

គួរជម្រាបថា នេះមិនមែនជាលើកទី១ នោះទេ ដែលតារាប្រុស J-Hope សមាជិក BTS បានធ្វើការបរិច្ចាគប្រាក់ដែលរូបគេរកបានជួយដល់ជនរងគ្រោះផ្សេងៗនៅតាមបណ្តាប្រទេសមួយចំនួនលើពិភពលោក ខណៈកាលពីក្នុងឆ្នាំ២០២០ កន្លងទៅនេះ លោកបានបរិច្ចាគចំនួន ១០០លានវ៉ុនទៀត ជួយដល់កុមារមកពីគ្រួសារដែលមានចំណូលទាប ដែលកំពុងតស៊ូនឹងវិបត្តិកូវីដ១៩ និងនៅខែកុម្ភៈ ឆ្នាំ២០២១ ក្នុងថ្ងៃខួបកំណើតរបស់លោក លោកបានបរិច្ចាគប្រាក់ ជាង ១៣៥,៤០០ដុល្លារអាមេរិក ដល់អង្គការមួយ ដើម្បីផ្គត់ផ្គង់ការខ្វះខាតរបស់កុមារផងដែរ៕