(អាមេរិក)៖ បន្ទាប់ពីហោះទៅដល់ទឹកដីសហរដ្ឋអាមេរិកជាមួយស្វាមីហើយនោះ តារាចម្រៀង សុគន្ធ នីសា បានបង្ហោះសារ ដែលជាការចូលរួមដាស់តឿនដល់បងប្អូនខ្មែរជាបន្តបន្ទាប់ ខណៈថ្មីៗនេះស្របពេលដែលរដ្ឋាភិបាលសម្រេចបើករាជធានី-ខេត្ត ឡើងវិញនោះ សុគន្ធ នីសា ស្រាប់តែបញ្ចេញសារថ្មីមួយមកភ្លែត ដោយផ្តាំផ្ញើដល់បងប្អូនខ្មែរ បន្តចូលរួមអនុវត្តន៍វិធានការរបស់រាជរដ្ឋាភិបាល គឺ «៣កុំ និង៣ការពារ» ថ្វីថ្បិតតែបានបេីកក្រុងវិញក៏ដោយ ។

តារាចម្រៀងសំឡេងផ្អែមមានទឹកដម សុភាពទន់ភ្លន់ សុគន្ធ នីសា បានបង្ហោះរូបភាពជាច្រើនសន្លឹកលើទឹកដីសហរដ្ឋអាមេរិក ភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា ថ្វីថ្បិតតែបានបេីកក្រុងវិញ តែយ៉ាងណាសូមបងប្អូននៅតែបន្តការប្រុងប្រយ័ត្នបន្តទៀតណា «៣កុំ ៣ការពារ »។

គួរជម្រាបថា តារាចម្រៀង សុគន្ធ នីសា បានធ្វើដំណើរទៅសហរដ្ឋអាមេរិកជាមួយស្វាមី បន្ទាប់ពីនាងបានជាសះស្បើយពីជំងឺកូវីដ-១៩។ ត្បិតទៅដល់ទឹកដីស្រុកគេក៏ពិតមែន តែជានិច្ចកាលតារារូបនេះ តែងតែបង្ហាញការនឹកនាដល់បងប្អូននៅស្រុកខ្មែរ ត្បិតមានអ្នកគាំទ្រជាច្រើននៅទីនោះ កំពុងរង់ចាំវត្តមាននាងត្រឡប់មកវិញ ជាពិសេសរង់ចាំបទចម្រៀងរបស់តារារូបនេះផងដែរ៕