(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកគាំទ្របាល់ទាត់កម្ពុជាបានចាប់អារម្មណ៍ជាខ្លាំង ចំពោះព័ត៌មានក្លិបក្របខណ្ឌលីគទី២ ថៃ MOF Custom United គ្រោងនាំយកខ្សែបម្រើ ច្រឹង ពលរដ្ឋ ទៅរួមក្រុមនារដូវកាលថ្មី ឆ្នាំ២០២១-២០២២ ទាំងកីឡាកររូបនេះ សល់កុងត្រា ៤ឆ្នាំទៀតជាមួយក្លិបបាល់ទាត់វិសាខា។

ជុំវិញព័ត៌មានដ៏រសើបនេះ ច្រឹង ពលរដ្ឋ បានចេញមុខបកស្រាយថា វាគឺជាការពិត ដែលក្លិប Custom United បានទាក់ទងខ្លួន ក្រោមលក្ខខណ្ឌខ្ចីជើង ហើយគេក៏បានព្រមព្រៀងទ្វេភាគីរ។ ប៉ុន្ដែលទ្ធផលបានទៅលេងនៅថៃ ឬអត់ គឺនៅហាសិបៗនៅឡើយ ដ្បិតរូបគេ ក៏កំពុងរង់ចាំលទ្ធផលដូចគ្នា ក្នុងការចរចារវាងក្លិបវិសាខា ជាមួយក្លិប Custom United។

ច្រឹង ពលរដ្ឋ បានបញ្ជាក់ថា «បាទបង! ចំពោះព័ត៌មានលេចលឺ ដែលក្លិបថៃ(Custom United) ប្រកាសថា ខ្ញុំរកទៅលេងនៅក្លិបហ្នឹង ឥឡូវនេះ គឺស្ថិតក្នុងការចរចារវាងក្លិបវិសាខា និងក្លិប Custom United នៃលីគទី២ ថៃ តែក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១ឆ្នាំ រវាងក្លិបវិសាខា ជាមួយក្លិប Custom United គ្រាន់តែអ្វីៗ ស្ថិតក្នុងការពិភាក្សាគ្នានៅឡើយ»

គួរដឹងថា ពលរដ្ឋ បានផ្ទេរពីក្រុមកងយោធពលខេមរភូមិន្ទ ទៅវិសាខា កាលពីដើមឆ្នាំ២០២០ មុនត្រូវបានក្លិបជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នេះប្រកាសបន្ដកុងត្រា រហូតដល់ឆ្នាំ២០២៤ ។ ខ្សែបម្រើដ៏មានប្រជាប្រិយភាពរូបនេះ ក៏ធ្លាប់ត្រូវបានក្លិប Buriram United ចុះកុងត្រានាំយកទៅលេងលីគកំពូលថៃដែរ កាលពីដើមឆ្នាំ២០១៩ តែដោយសារបញ្ហារបួស ក៏ត្រូវក្លិបយក្សថៃនេះ សម្រេចបញ្ចប់កិច្ចសន្យាវិញ៕