(អាមេរិក)៖ ក្រុមហ៊ុន WhatsApp បានដាក់ចេញនូវគោលការណ៍ថ្មី កាលពីដើមឆ្នាំ២០២១ ដោយតម្រូវឱ្យអ្នកប្រើប្រាស់ទាំងអស់ ធ្វើការចែករំលែកទិន្នន័យផ្ទាល់ខ្លួនជាមួយបណ្ដាញសង្គម Facebook ដែលគោលការណ៍ថ្មីនេះ បានធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើន បានងាកមកប្រើកម្មវិធី Signal និង Telegram វិញ ហើយ WhatsApp បានទុកពេលចាប់ពីដើមឆ្នាំរហូតដល់ពាក់កណ្ដាលខែ ឧសភានេះ ដើម្បីទទួលយកគោលការណ៍។

មានសំណួរជាច្រើនបានលើកឡើងថា បើសិនជាអ្នកប្រើប្រាស់ WhatsApp មិនព្រមទទួលយកគោលការណ៍ថ្មីនេះ តើ WhatsApp នឹងលុបគណនីពួកគេចោលមែនទេ?

ពាក់ព័ន្ធនឹងសំណួរនេះ ត្រូវអ្នកនាំពាក្យរបស់ WhatsApp ថ្លែងប្រាប់សារព័ត៌មាន Phone Arena នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ថា បច្ចុប្បន្នមានអ្នកប្រើប្រាស់ជាច្រើនបានទទួលយកគោលការណ៍ថ្មីនេះ ដោយឡែកនៅមានអ្នកប្រើប្រាស់ មួយ ចំនួន តូច ប៉ុណ្ណោះ ដែលមិនទាន់ទទួលយកគោលការណ៍ថ្មីនេះ។ ត្បិតណាស់នៅថ្ងៃទី១៥ ខែឧសភានេះ វាជាពេលវេលាកំណត់សម្រាប់ ទទួល យកគោលការណ៍បានមកដល់ ប៉ុន្តែក្រុមហ៊ុន WhatsApp បានសម្រេចចិត្តថា សម្រាប់ អ្នកប្រើប្រាស់ដែលមិនទាន់បាន ទទួល យក គោលការណ៍ថ្មី គឺនៅតែអាចប្រើប្រាស់បានដូចធម្មតា ពោលគឺគ្មានការលុបគណនីនោះទេ ហើយសម្រាប់មុខងារផ្សេងៗដែលមាន គឺ នៅតែបន្តប្រើប្រាស់បានដូចធម្មតា ដោយ WhatsApp ទុកពេលឱ្យ ២ ទៅ៣សប្ដាហ៍បន្ថែមទៀត។

ខាងក្រោមនេះគឺជាលក្ខខណ្ឌ និងការកំណត់មួយចំនួន បើសិនជាអ្នកប្រើប្រាស់មិនព្រមទទួលយក គោលការណ៍ថ្មី៖

១) គណនីមិនត្រូវបានលុបនោះទេ ប៉ុន្តែមិនអាចចូលទៅក្នុងតារាងបញ្ជីឈ្មោះដើម្បីឆាតបាន តែអាចទទួលបានការខលជាសំឡេង និង វីដេអូបាន និងអាចខលត្រឡប់ទៅវិញបាន បើសិនជាករណីមិនទាន់បានទទួលការហៅចូល (missed call)។

២) អ្នកនឹងលែងទទួលបានការខល និងផ្ញើសារចូល ពោលគឺ WhatsApp បិទសេវាកម្មចោលទាំងអស់ តែមិនលុបគណនីនោះទេ។

គួរបញ្ជាក់ផងដែរថា គោលការណ៍ថ្មីនេះ បានធ្វើឱ្យ WhatsApp បាត់បង់អ្នកប្រើប្រាស់ជាច្រើន ហើយប្រឈមមុខ នឹង ផ្លូវច្បាប់ទៀត ដោយរដ្ឋាភិបាលនៃប្រទេសឥណ្ឌា និងប៉ាគីស្ថានបានតម្រូវឱ្យ Facebook ដែលជាមេធំរបស់ WhatsApp ចូលខ្លួនមកបំភ្លឺរឿងនេះ ព្រោះវាពាក់ព័ន្ធនឹងច្បាប់កម្មសិទ្ធិឯកជនភាព៕