(ពិភពលោក)៖ ដើមកំណើតទឹកអប់បានកើតមានតាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែពេលគេនិយាយពីទឹកអប់ គេតែងតែដឹងថា ទឹកអប់ដែលល្បីល្បាញជាងគេត្រូវបានផលិតនៅប្រទេសបារាំង។ ប្រការនេះធ្វើឲ្យមនុស្សភាគច្រើនយល់ថា បារាំងគឺជាប្រទេសមួយដែលបានផលិតទឹកអប់មុនគេបង្អស់។

ខណៈពេលពិភពលោកមានភាពជឿនលឿន អាថ៌កំបាំងនៃការផលិតទឹកអប់ ក៏ត្រូវបានលាតត្រដាងឡើងវិញ។ តើអ្នកដឹងទេ ប្រទេសណាផលិតទឹកអប់មុនគេ?

ចង់ជ្រាបច្បាស់ សូមអានអត្ថបទចំណេះដឹងទូទៅរបស់ Fresh News Plus ខាងក្រោមនេះ៖

ទឹកអប់មានប្រវត្តិរាប់ពាន់ឆ្នាំមកហើយ ជាមួយនឹងភស្តុតាងបង្ហាញពីការផលិតវាដំបូង គឺនៅអេហ្ស៉ីបបុរាណ (Ancient Egypt) មេសូប៉ូតាមី (Mesopotamia) និងប្រទេសស៉ីព (Cyprus)។ ទឹកអប់មានន័យក្នុងភាសាអង់គ្លេសថា Perfume ដែលពាក្យមួយឃ្លានេះក្លាយពីភាសាឡាតាំង Per Fume មានន័យថា តាមរយៈក្លិន។

* ប្រវត្តិទឹកអប់ជុំវិញពិភពលោក
អេហ្ស៉ីប គឺជាក្រុមដំបូងគេដែលដាក់បញ្ចូលទឹកអប់ទៅក្នុងវប្បធម៌ ក្រោយមកទៀត គឺពួកចិនបុរាណ (Chinese) ពួកហិណ្ឌូបុរាណ (Hindus) ពួកអ៉ីស្រាអែលបុរាណ (Israelites) ពួកអាហ្វ្រិកបុរាណ (Carthaginians) ពួកអារ៉ាប់បុរាណ (Arabs) ពួកក្រិកបុរាណ (Greeks) និងពួករ៉ូម៉ាំងបុរាណ (Romans)។ ទឹកអប់ដែលមានវ័យចំណាស់បំផុត ត្រូវបានរកឃើញដោយបុរាណវត្ថុវិទូនៅប្រទេសស៉ីព។ ទឹកអស់នោះមានអាយុកាលប្រមាណ ៤ ពាន់ឆ្នាំមកហើយ។ សិលាចារិកនៅមេសូប៉ូតាមី ដែលមានអាយុកាល ៣ ពាន់ឆ្នាំ បង្ហាញថា ស្ត្រីម្នាក់ឈ្មោះ តាប់ពូទី (Tapputi) គឺជាអ្នកបង្កើតទឹកដែលត្រូវបានកត់ត្រាដំបូងគេ ប៉ុន្តែទឹកអប់អាចត្រូវបានរកឃើញនៅប្រទេសឥណ្ឌាផងដែរ នៅស្របពេលជាមួយគ្នានោះ។

ការប្រើប្រាស់ដបទឹកអប់ដំបូងបំផុត គឺពួកអេហ្ស៉ីបមានតាំងពីប្រហែល ១ ពាន់ឆ្នាំមុនគ្រិស្តរាជ។ ពួកអេហ្ស៉ីបបានបង្កើតកែវ ហើយដបទឹកអប់ គឺជាវត្ថុធ្វើពីកែវដំបូងបង្អស់ ដែលត្រូវប្រើប្រាស់ជាញឹកញាប់។ គីមីវិទូអារ៉ាប់បុរាណ និងគីមីវិទូពែក្ស ឬអ៉ីរ៉ង់បុរាណ (Persian) បានជួយប្រមូលចងក្រងឯកសារនៃផលិតផលទឹកអប់ ហើយបម្រើបម្រាស់របស់វាបានរីកសាយភាយទូទាំងពិភពនៃសិល្បៈបុរាណ។

ទោះបីជាយ៉ាងនេះក្តី ការរីកចម្រើននៃសាសនាគ្រិស្ត គេសង្កេតឃើញថា មិនអនុញ្ញាតឲ្យមានការប្រើប្រាស់ទឹកអប់ អស់កាលជាច្រើនអំឡុងពេលយុគអន្ធការ។ កាលណោះ មានតែក្រុមម៉ូស្លីមទេដែលថែរក្សាទម្លាប់បម្រើបម្រាស់ទឹកអប់ ហើយថែមទាំងជួយធ្វើឲ្យវិស័យទឹកអស់រស់ឡើងវិញទៀតផង ជាមួយនឹងការចាប់ផ្តើមធ្វើពាណិជ្ជកម្មអន្តរជាតិ។

នៅសតវត្សទី១៦ គេបានឃើញប្រជាប្រិយភាពនៃទឹកអប់បានផ្ទុះឡើងនៅប្រទេសបារាំង ជាពិសេសក្នុងចំណោមមនុស្សថ្នាក់ខ្ពស់ និងពួកអភិជន។ ក្រោមការជួយពីតុលាការទឹកអប់នៃស្តេចល្វីទី១៥ (Louis XV) គ្រប់យ៉ាងសុទ្ធតែត្រូវប្រើប្រាស់ជាមួយទឹកអប់ ដែលរួមមានវាំងនន ស្រោមដៃ និងសម្លៀកបំពាក់ដទៃទៀត។ ការបង្កើតទឹកអប់ អូ ដឺ កូឡូញ (Eau de Cologne) នៅសតវត្សទី១៨ បានជួយឧស្សាហកម្មទឹកអប់បន្តលូតលាស់ជាលំដាប់ផងដែរ។

* បម្រើបម្រាស់នៃទឹកអប់
ប្រភពមួយក្នុងចំណោមបម្រើបម្រាស់ដ៏ចំណាស់នៃទឹកអប់ កើតមកពីការដុតខ្លឹមចន្ទន៍ក្រស្នា និងរុក្ខជាតិក្លិនក្រអូបសម្រាប់សេវាកម្មសាសនា ជាទូទៅជ័រក្រអូប គ្រឿងក្រអូប និងដើមស្លែទឹក ដែលយកចេញពីដើមឈើ។ នៅពេលបានបាញ់ទឹកអប់ គេជឿថាវាជួយឲ្យអ្នកចង់មានស្នេហាឆាប់រកដៃគូបាន ហើយវាត្រូវបានគេប្រើទាំងសម្រាប់ការឡែបខាយ និងជាការរៀបចំសម្រាប់ការបង្កាត់ភ្លើងតណ្ហាផងដែរ។

* បារាំងជាទីតាំងផលិតទឹកអប់ដ៏ល្បី
បារាំងមានកិត្តិនាមដ៏ល្បីលើវិស័យឧស្សាហកម្មទឹកអប់ ហើយប្រទេសនេះគឺជាទីតាំងលក់ទឹកអប់ដ៏ល្បីបំផុតរបស់ពិភពលោក មានដូចជាម៉ាក មែសុង ហ្គៀកឡាំង (Maison Guerlain) ជាដើម។ ឧស្សាហកម្មទឹកអប់នៅទីក្រុងប៉ារីស និងសង្កាត់ក្រាស (Grasse) គឺជាទីតាំងដែលក្រុមអ្នកផលិតទឹកអប់ដ៏មានកិត្យានុភាពស្ថិតនៅ៕

ប្រភព៖ គេហទំព័រឌីជីថលអាមេរិក Thoughtco និងគេហទំព័រ uk.france.fr
រៀបរៀងដោយ៖ Fresh News Plus

ដបទឹកអប់បុរាណរបស់ក្រិក មានរាងជាស៊ីរ៉ែន នៅឆ្នាំ៥៧០ មុនគ្រិស្តរាជ (រូបថតដោយ thoughtco)

ស្ត្រីឈ្មោះ តាប់ពូទី គឺជាមនុស្សដំបូងគេ ដែលផលិតទឹកអប់ (រូបថតដោយ Historydaily)

ទឺកអប់ Eau de Cologne (រូបថតដោយ tendance-parfums)

ស្តេចល្វីទី១៥ (រូបថតដោយ thoughtco)

ទឹកអប់ maison guerlain (រូបថតដោយ Discover Walks)