(កូរ៉េ)៖ លោកស្រី Youn Yuh-Jung ដែលទើបតែឈ្នះពានរង្វាន់ សម្រាប់ការសម្តែង ផ្នែកតួអង្គរងឆ្នើម (Supporting Role) ពីព្រឹត្តិការណ៍ពានរង្វាន់ Oscar លើកទី៩៣ ឆ្នាំ២០២១ ធ្វើនៅសហរដ្ឋអាមេរិកនោះ នៅចុងសប្តាហ៍នេះ បានត្រឡប់ទៅកូរ៉េ ដែលជាប្រទេសកំណើតរបស់ខ្លួនវិញហើយ ក្រោយកម្មវិធីនេះបានបញ្ចាប់។ ត្បិតលោកស្រីបានបង្កើតកំណត់ត្រាថ្មីជូនប្រទេសកូរ៉េ ចំពោះពានរង្វាន់នេះក្តី តែការវិលត្រឡប់មកប្រទេសវិញ ហាក់មិនមានពិធីអបអរដោយមានអ្នកចាំទទួលច្រើនឡើយ ព្រោះតែវិបត្តិកូវីដ-១៩។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Korea times នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ម្ចាស់ពានរង្វាន់ Oscar ផ្នែក Supporting Role រូបនេះបានចាកចេញពីទឹកដីសហរដ្ឋអាមេរិក ទៅដល់អាកាសយន្តដ្ឋានអន្តរជាតិ Incheon នៃប្រទេសកូរ៉េ នៅថ្ងៃសៅរ៍សប្តាហ៍នេះ។ ទន្ទឹមគ្នានេះ ការវិលត្រឡប់ទៅកាន់ប្រទេសវិញកំណើតវិញរបស់លោកស្រី Youn Yuh-Jung ក្រោយបង្កើតកំណត់ត្រាថ្មីនេះ គឺមិនមានការធ្វើសន្និសីទកាសែត និងមានអ្នកចាំទទួលច្រើនឡើយ ព្រោះតែបញ្ហាកូវីដ-១៩ ដែលមិនឲ្យមានការជួបជុំ។

តែយ៉ាងណា ក្រុមការងាររបស់លោកស្រី គឺ Hook Entertainment បានឲ្យដឹងថា លោកស្រីពិតជាថ្លែងអំណរគុណខ្លាំងណាស់ដល់អ្នកគាំទ្រកូរ៉េ និងអ្នកគាំទ្រជាច្រើនទៀត ដែលបានគាំទ្រលោកស្រី និងពេញចិត្តសម្រាប់ពានរង្វាន់ Supporting Role ខណៈពានរង្វាន់នេះ គឺជាលើកដំបូងបង្អស់ហើយ ដែលអ្នកសិល្បៈកូរ៉េឈ្នះពីកម្មវិធីលំដាប់ពិភពលោកមួយនេះ។

គួរជម្រាបថា លោកស្រី Youn Yuh-Jung បានទទួលបានរង្វាន់ ផ្នែកតួសម្តែងរងឆ្នើម ពីកម្មវិធី «Oscar» លើកទី៩៣ តាមរយៈ រឿង «Minari» គឺនិយាយពីគ្រួសារជនជនប្រវេសន៍ ដែលមានការតស៊ូយ៉ាងពិបាកនៅក្នុងឆាកជីវិត ខណៈលោកស្រី Youn Yuh Jung ដែលជាតួអង្គរង គឺបានសម្តែងជាលោកយាយ ដែលទៅរស់នៅអាមេរិក ដើម្បីជួយគ្រួសារ៕