(ភ្នំពេញ)៖ វេជ្ជបណ្ឌិតឯកទេស ហាក់ ចាន់ភក្តី បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ចំពោះការចាក់វ៉ាក់សាំង Astrazenica នេះ លើក្រុមអ្នកជំងឺ រលាកថ្លើមរ៉ំារ៉ៃ ជាពិសេសជំងឺរលាកថ្លេីមប្រភេទ B ប្រភេទ C ការសិក្សាមកដល់ពេលបច្ចុប្បន្ននេះ មិនមានបង្ហាញពីផលប៉ះពាល់ ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

លើសពីនេះ បើយោងតាមគេហទំព័ររបស់ចក្រភពអង់គ្លេស British Liver Trust វិញ ការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Astrazenica ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាសាកល សម្រាប់ប្រជាជននៅចក្រភពអង់គេ្លស ជាពិសេសអ្នកដែលប្រឈមខ្ពស់ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយរ៉ំារ៉ៃ ។

សម្រាប់អ្នកជំងឺក្រិនថ្លើម អ្នកជំងឺមហារីកថ្លើម អ្នកប្តូរសរីរាង្គថ្លើម អ្នកជំងឺរលាកថ្លើមដោយប្រព័ន្ធការពារ (Autoimmune hepatitis) ដែលមានប្រព័ន្ធការពារចុះខ្សោយ សមាគមន៍ក្រពះពោះវៀន-ថ្លើម របស់ចក្រភពអង់គ្លេស បានជូនអនុសាសន៍ឲ្យក្រុមអ្នកជំងឺនេះ អាចទទួលការចាក់វ៉ាក់សាំងបាន ដោយមូលហេតុនៃភាពធ្ងន់ធ្ងររបស់ជំងឺកូវីដ១៩ លើក្រុមអ្នកជំងឺទាំងនេះ បើទោះជាប្រសិទ្ធិភាពនៃការការពារទាប និងសុវត្ថិភាពនៃការចាក់ គឺពុំទាន់មានការសិក្សាបញ្ជាក់ច្បាស់នៅឡើយ។

ប៉ុន្តែមុនការចាក់ ក៏តំរូវឲ្យក្រុមអ្នកជំងឺនេះ ពិនិត្យពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសថ្លើមជាមុនសិន ដើម្បីវាយតម្លៃអំពីស្ថានភាព និងដំណាក់កាលជាក់ស្តែងរបស់អ្នកជំងឺ។

បន្ថែមពីនេះ បើទោះជាមានវត្តមាននៃវ៉ាក់សាំងការពារជំងឺកូវីត១៩ ក៏ពិតមែន វិធានការការពារចម្បងនៃជំងឺកូវីត១៩ គឺត្រូវពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតបុគ្គល ដូចនឹងវិធានការ ៣ការពារ ៣កុំរបស់ រាជរដ្ឋាភិបាលកម្ពុជា៕