(ភ្នំពេញ)៖ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ នឹងចាប់ផ្ដើមការប្រកួតឡើងវិញនាថ្ងៃទី១៥ ខែឧសភានេះហើយ ដោយនឹងបន្ដការប្រកួតបិទទ្វារបណ្ដោះអាសន្ន ខណៈទីលាន និងកីឡដ្ឋាន ស្ថិតនៅតំបន់ក្រហមមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ហ្វឹកហាត់ និងរៀបចំការប្រកួតឡើយ។ នេះបើយោងតាមគោលការណ៍ថ្មី ដែលភ្ជាប់ជាមួយសេចក្ដីជូនដំណឹងស្ដីពីដំណើរការប្រកួតឡើងវិញ របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) កាលពីថ្ងៃអាទិត្យម្សិលមិញ។

ជាមួយការចាប់ផ្ដើមឡើងវិញក្នុងបរិបទកូវីដ-១៩ CNCC បានចេញនូវគោលការណ៍ណែនាំ ៨ចំណុចបន្ថែមលើវិធានការណែនាំសុវត្ថិភាព ក៏ដូចជាសេចក្ដីណែនាំ ស្ដីពីវិធានបន្ទាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺមិនអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន និងបរិវេណការប្រកួត រហូតដល់មានការជូនដំណឹងថ្មី។ ចំណែកទីលាន និងកីឡដ្ឋានមានភូមិសាស្ដ្រនៅក្នុងតំបន់ក្រហម ដែលមានកម្រិតហានិភ័យខ្ពស់ មិនអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ធ្វើការហ្វឹកហាត់ និងរៀបចំការប្រកួតនោះទេ។

លើសពីនេះ CNCC បានតម្រូវឲ្យក្លិប មន្ដ្រី និងកីឡាករទាំងអស់ត្រូវគោរព និងអនុវត្តជានិច្ចនូវវិធានអនាម័យ ពិសេស ៣ការពារ និង ៣កុំ ហើយត្រូវតាមដានសុខភាពជាប្រចាំ។ មិនតែប៉ុណ្ណោះ ក្លិបក៏ត្រូវប្រើប្រាស់មធ្យោបាយដឹកជញ្ជូនកីឡាករ និងមន្ដ្រីរបស់ខ្លួនក្នុងតំបន់ «លឿងទុំ» និង «លឿង» ដើម្បីធ្វើដំណើររួមគ្នារបស់ក្លិប ដោយភ្ជាប់ជាមួយលិខិតបញ្ជាក់ពី CNCC ទាំងទៅហាត់ ឬប្រកួត និងត្រឡប់មកពីហាត់ ឬប្រកួត ពោលគឺមិនអនុញ្ញាតឲ្យមន្ដ្រី ឬកីឡាករ ធ្វើដំណើរតាមមធ្យោបាយរៀងៗខ្លួនឡើយ។ ចំពោះអ្នកមិនអនុវត្តតាមការណែនាំ នឹងត្រូវប្រឈមមុខការផាកពិន័យតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា លីគកំពូលកម្ពុជា ត្រូវបាន CNCC ប្រកាសផ្អាកបណ្ដោះអាសន្នចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ដោយយោងតាមសេចក្ដីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ តែក្រោយរាជរដ្ឋាភិបាលបានពន្យារពេលសេចក្ដីសម្រេចនេះ ១សប្ដាហ៍ទៀត CNCC ក៏បន្ដលើកពេលដែរ មុនមានការប្រជុំជាច្រើនលើក ដើម្បីកំណត់កាលបរិច្ឆេទប្រកួតឡើងវិញនាថ្ងៃទី១៥ ខែឧសភាខាងមុខ បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសបញ្ចប់ការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីថ្ងៃទី០៦ ខែឧសភាកន្លងទៅ៕