(ពិភពលោក)៖ ដំណឹងនៃការលះលែងគ្នារវាងកំពូលមហាសេដ្ឋីអាមេរិក លោក Bill Gates និងលោកស្រី Melinda Gates ក្រោយបង្កើតចំណងអាពាហ៍ពិពាហ៍ ២៧ ឆ្នាំ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទូទាំងសកលលោក។ មានមតិខ្លះលើកឡើងថា សហរដ្ឋអាមេរិក គឺជាប្រទេសដែលមានអត្រាលែងលះខ្ពស់ជាងគេ ប៉ុន្តែនេះមិនមែនជារឿងពិតនោះទេ។

តើអ្នកដឹងទេ ប្រទេសណាដែលមានអត្រាលែងលះខ្ពស់ជាងគេ? មូលហេតុអ្វី?

យោងតាមការផ្សាយដោយគេហទំព័រកំណត់ត្រាឯតទគ្គកម្មពិភពលោក (Guinness World Records) ដកស្រង់ប្រភពពីអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប្រទេសដែលមានអត្រាលែងលះខ្ពស់បំផុត គឺប្រទេសម៉ាល់ឌីវ (Maldives) តាមពីក្រោយគឺបេឡារុស (Belarus) និងសហរដ្ឋអាមេរិក។ UN បានសន្និដ្ឋានថា ស្ត្រីជនជាតិម៉ាល់ឌីវជាមធ្យម នៅមុនអាយុ ៣០ ឆ្នាំ បានលែងលះបីដងរួចទៅហើយ។

* ចំណាត់ថ្នាក់ប្រទេសចំនួន ១០ ដែលមានអត្រាលែងលះខ្ពស់បំផុត រួមមាន៖

១៖ ម៉ាល់ឌីវ ជាមួយនឹងអត្រា ១០.៩៧ នាក់ ក្នុងចំណោមមនុស្ស ១,០០០ នាក់ក្នុងមួយឆ្នាំៗ

២៖ បេឡារុស ជាមួយនឹងអត្រា ៤.៦៣ នាក់ ក្នុងចំណោមមនុស្ស ១,០០០ នាក់ក្នុងមួយឆ្នាំៗ

៣៖ សហរដ្ឋអាមេរិក ជាមួយនឹងអត្រា ៤.៣៤ នាក់ ក្នុងចំណោមមនុស្ស ១,០០០ នាក់ក្នុងមួយឆ្នាំៗ

៤៖ គុយបា ជាមួយនឹងអត្រា ៣.៧២ នាក់ ក្នុងចំណោមមនុស្ស ១,០០០ នាក់ក្នុងមួយឆ្នាំៗ

៥៖ អេស្តូនី ជាមួយនឹងអត្រា ៣.៦៥ នាក់ ក្នុងចំណោមមនុស្ស ១,០០០ នាក់ក្នុងមួយឆ្នាំៗ

៦៖ ប៉ាណាម៉ា ជាមួយនឹងអត្រា ៣.៦១ នាក់ ក្នុងចំណោមមនុស្ស ១,០០០ នាក់ក្នុងមួយឆ្នាំៗ

៧៖ ព័រតូរីកូ ជាមួយនឹងអត្រា ៣.៦១ នាក់ ក្នុងចំណោមមនុស្ស ១,០០០ នាក់ក្នុងមួយឆ្នាំៗ

៨៖ អ៊ុយក្រែន ជាមួយនឹងអត្រា ៣.៥៦ នាក់ ក្នុងចំណោមមនុស្ស ១,០០០ នាក់ក្នុងមួយឆ្នាំៗ

៩៖ រុស្ស៉ី ជាមួយនឹងអត្រា ៣.៤២ នាក់ ក្នុងចំណោមមនុស្ស ១,០០០ នាក់ក្នុងមួយឆ្នាំៗ

១០៖ អង់ទីហ្កា និងបាប៊ុយដា ជាមួយនឹងអត្រា ៣.៤០ នាក់ ក្នុងចំណោមមនុស្ស ១,០០០ នាក់ក្នុងមួយឆ្នាំៗ។

* ហេតុអ្វីបានជាម៉ាល់ឌីវ មានអត្រាលែងលះខ្ពស់ជាងគេ?
ប្រភពដដែលបានបន្ថែមថា មូលហេតុដែលនាំឲ្យម៉ាល់ឌីវមានអត្រាលែងលះខ្ពស់ ដោយសារតែកង្វះការថែទាំងកុមារ។ ចំនួនស្ត្រីដែលកំពុងកើនឡើងនៅក្នុងកម្លាំងពលកម្ម ក៏ត្រូវបានលើកឡើងថាជារឿងចម្បងដែលនាំទៅឲ្យប្រទេសម៉ាល់ឌីវមានអត្រាលែងលះខ្ពស់បែបនេះដែរ។

សូមជម្រាបថា យោងតាមសារព័ត៌មាន Reuters ចេញផ្សាយព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ថា កំពូលមហាសេដ្ឋី Bill Gates និងលោកស្រី Melinda Gates បានប្រកាសរួមគ្នាតាមរយៈគណនី Twitter ដោយសម្រេចបញ្ចប់អាពាហ៍ពិពាហ៍ បន្ទាប់ពីរស់នៅជាមួយគ្នារយៈពេល ២៧ ឆ្នាំ។ ម្ចាស់ក្រុមហ៊ុនយក្ស Microsoft លោក Bill Gates មានអាយុ ៦៥ ឆ្នាំ និងលោកស្រី Melinda Gates អាយុ ៥៦ ឆ្នាំ៕

ប្រភព៖ Guinness World Records
រៀបរៀង៖ Fresh News Plus