(បាត់ដំបង)៖ ដំណឹងរបស់តារាកំប្លែងមាឌល្អិន នាយក្រិន ចូលសង្គ្រោះបន្ទាន់ បានធ្វើឲ្យទស្សនិកជន ដែលតែងតែទស្សនាឈុតកំប្លែងរបស់លោកកន្លងមក និងអ្នករួមអាជីពមានការព្រួយបារម្ភជាខ្លាំង ត្បិតតារារូបនេះត្រូវបានគេដឹងថា រស់នៅតែម្នាក់ឯងគ្មានប្រពន្ធមើលថែផងនោះ។ ទន្ទឹមគ្នានេះ មានការបញ្ជាក់ថាបច្ចុប្បន្ន នាយក្រិន មានសុខភាពប្រសើរឡើងវិញហើយ បន្ទាប់ពីវះកាត់រួចរាល់។

ប្អូនថ្លៃតារាកំប្លែង នាយក្រិន បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនាល្ងាចនេះថា នាយក្រិន បានចូលវះកាត់តាំងពីថ្ងៃទី៨ ខែឧសភា មកម្ល៉េះ រហូតមកទល់នឹងពេលនេះបានពីរថ្ងៃហើយ។

ប្រភពបានបន្តថា មូលហេតុដែលតារាកំប្លែងរូបនេះ ត្រូវវះកាត់ គឺដោយសារតែនាយមានជំងឺម្យ៉ាងដែលគេហៅថា «ជំងឺក្លន» ខណៈបច្ចុប្បន្នស្ថានភាពសុខភាព គឺមានការធូរស្បើយច្រើន ប៉ុន្តែក្រុមគ្រូពេទ្យមិនអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យនោះទេ ដោយបន្តតាមដានសុខភាពមួយរយៈទៀតសិន។

បច្ចុប្បន្នតារាកំប្លែងមាឌល្អិន រូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ដែលមានប្អូនថ្លៃនៅកំដរ ខណៈអ្នកសិល្បៈគឺមានការខលសួរនាំច្រើនដែរ ប៉ុន្តែមិនមានអ្នកទៅសួរសុខទុកទេ ដោយសារនៅខេត្ត ម្យ៉ាងដោយារបញ្ហាកូវីដ-១៩ផងដែរ។

ប្អូនថ្លៃនាយក្រិន បង្ហើបថា នាយក្រិនមិនសូវមានលទ្ធភាពក្នុងការព្យាបាលជំងឺទេ ដោយសារតែខ្លួននាយមានតែម្នាក់ឯង ត្រូវរ៉ាប់រងចិញ្ចឹមកូនៗតូចៗផងនោះ។ ហេតុនេះប្រសិនបើមិត្តរួមអាជីព ឬអ្នកគាំទ្រ មានលទ្ធផលសូមចូលរួមចំណែកជួយផង៕