(ចិន)៖ ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma, ដែលកម្របានឃើញជាសាធារណៈ ចំពេលដែលការអនុវត្តបទប្បញ្ញត្តិ លើក្រុមហ៊ុននោះ, បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយ ទៅកាន់ទីស្នាក់ការកណ្តាលក្រុមហ៊ុនរបស់ខ្លួន នៅទីក្រុង Hangzhou នាថ្ងៃចន្ទនេះ នៅអំឡុងពេលមានព្រឹត្តិការណ៍បុគ្គលិក និងគ្រួសារប្រចាំឆ្នាំ «Ali Day» របស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកនេះ, នេះបើយោងតាមសារព័ត៌មាន CNA នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ។

មហាសេដ្ឋីរូបនេះបានធ្លាក់នូវកេរ្តិ៍ឈ្មោះ ចាប់តាំងពីបានថ្លែងសុន្ទរកថា កាលពីខែតុលា នៅទីក្រុងសៀងហៃ ដោយបានរិះគន់បទប្បញ្ញត្តិហិរញ្ញវត្ថុរបស់ប្រទេសចិន។

សហគ្រិនល្បីល្បាញបំផុតរបស់ចិន, លោក Ma បានទទួលការគោរពក្នុងចំណោមបុគ្គលិក សូម្បីតែបន្ទាប់ពីលោកបានលាឈប់ពីតំណែងជាប្រធានក្នុងឆ្នាំ២០១៩ក៏ដោយ។

លោក Ma ដែលរស់នៅទីក្រុង Hangzhou បានបាត់មុខពីជាសាធារណៈជន អស់រយៈពេល៣ខែ មុនពេលបង្ហាញមុខនៅក្នុងខែមករា នៅក្នុងការនិយាយទៅកាន់ក្រុមគ្រូបង្រៀនមួយតាមរយៈប្រព័ន្ធវីដេអូ។

កាលពីខែមុន, អ្នកដាក់បទប្បញ្ញត្តិ បានកំណត់រចនាសម្ព័ន្ធឡើងវិញ លើក្រុមហ៊ុន Ant Group, ខណៈពេលដែលក្រុមហ៊ុន Alibaba បានរងការពិន័យជាទឹកប្រាក់ ចំនួន១៨,២ពាន់លានយ័ន (២,៨៤ពាន់លានដុល្លារអាមេរិក) បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា បានរំលោភលើអំណាចទីផ្សាររបស់ខ្លួន៕