(អាមេរិក)៖ គណៈកម្មាធិការសន្តិសុខជាតិ និងកិច្ចការរដ្ឋាភិបាលព្រឹទ្ធសភា បានអនុម័តជាឯកច្ឆន្ទលើច្បាប់មួយដែលនឹងហាមឃាត់បុគ្គលិកបម្រើការងារនៅក្នុងស្ថាប័នរដ្ឋទាំងអស់របស់អាមេរិក ទាញយកកម្មវិធីដ៏ពេញនិយម TikTok ចូលក្នុងឧបករណ៍ ពោលគឺហាមប្រើប្រាស់កម្មវិធី TikTok។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលត្រូវបានធ្វើឡើងដោយសមាជិកព្រឹទ្ធសភាលោក Josh Hawley កាលពីថ្ងៃពុធម្សិលមិញ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា បច្ចុប្បន្ន TikTok គឺជា កម្មវិធីមួយដែលពេញនិយមបំផុតទៅលើយុវវ័យ ដោយពួកគេបានសម្ដែងការរាំ និងចេញវីដេអូខ្លីៗ ដែលមើលទៅគួរឱ្យទាក់ទាញ ប៉ុន្តែ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានយល់ឃើញថា កម្មវិធីនេះគឺអាចនឹងជាប់ពាក់ព័ន្ធទៅនឹងរដ្ឋាភិបាលចិន ដូច្នេះហើយទើប ព្រឹទ្ធសភាសម្រេចចិត្តអនុម័តជាឯកច្ឆន្ទលើច្បាប់ហាមឃាត់ការប្រើប្រាស់កម្មវិធីនេះសម្រាប់បុគ្គលិកដែលបម្រើការងារនៅក្នុងស្ថាប័ន រដ្ឋទាំងអស់។

លោក Josh Hawley បានបញ្ជាក់ថា វាអាចបង្កជាការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ហើយសហរដ្ឋអាមេរិកអាចនឹង ពិចារណាឡើងវិញសម្រាប់ច្បាប់នេះផងដែរ បើសិនជា TikTok បង្ហាញនូវសកម្មភាពណាមួយដែលបញ្ជាក់ថាខ្លួនមិនស្ថិត ក្រោម ការគ្រប់គ្រង់របស់រដ្ឋភិបាលចិន។

លោក Josh Hawley បានបញ្ជាក់បន្ថែមទៀតថា លោកមានភាពសប្បាយរីករាយបើសិនជាក្រុមហ៊ុនចិនមួយនេះ និង ព្រឹទ្ធសភា អាមេរិកបានធ្វើការងាររួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមមួយនេះ ខណៈដែលអាមេរិកព្រួយបារម្ភបំផុតនោះគឺការប្រមូលទិន្នន័យ ផ្សេងៗពីសំណាក់រដ្ឋភិបាលក្រុងប៉េកាំង។

គួរបញ្ជាក់ផងដែរថា កាលពីលោកដូណាល់ ត្រាំ នៅជាប្រធានាធិបតីសហរដ្ឋអាមេរិក លោកបានបញ្ជាក់ឱ្យហាមឃាត់ ការប្រើប្រាស់ កម្មវិធី TikTok និងបានបង្គាប់ឱ្យក្រុមហ៊ុនចិនមួយនេះផ្ដាច់ខ្លួនពីក្រុមហ៊ុនចិន មកជាក្រុមហ៊ុនអាមេរិកតាមរយៈការលក់ អាជីវកម្ម នៅ សហរដ្ឋអាមេរិកឱ្យទៅក្រុមហ៊ុនអាមេរិកណាមួយ ដោយនៅពេលនោះមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានដាក់ពាក្យស្នើសុំទិញ៕