(ភ្នំពេញ)៖ សហគ្រិនខ្មែរ ដែលជាអង្គភាពក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមសហការជាមួយផ្សារទំនើបអ៉ីអនម៉លដែលជា ប្រតិបត្តិករផ្សារទំនើបផ្គត់ផ្គង់សម្ភារៈជាច្រើនមុខនៅក្នុងប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុកនៅក្នុងផ្សារទំនើប​អ៉ីអនម៉ល​។

ភាគីទាំងពីរបានឯកភាពគ្នាក្នុងសហការជាមួយអ្នកផលិត និងអ្នកផ្គត់ផ្គង់ផលិតផលនៅក្នុងស្រុក ដើម្បីលើកកម្ពស់ និងលើកស្ទួយការយល់ដឹងអំពីផលិតផលក្នុងស្រុក នៅតាមហាង និងផ្សារទំនើបនានានៅក្នុងប្រទេសកម្ពុជា។

សហគ្រិនខ្មែរ និងផ្សារទំនើបអ៉ីអនម៉ល កំពុងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២១ នៅផ្សារទំនើបអ៉ីអនម៉លភ្នំពេញ និងផ្សារទំនើបអ៉ីអនម៉លសែនសុខ។ ការតាំងពិព័រណ៍រយៈពេល ៣ សប្តាហ៍នេះមានគោលបំណងក្នុងការតាំងបង្ហាញប្រភេទផលិតផលក្នុងស្រុកជាច្រើនប្រភេទដូចជា បន្លែ ផ្លែឈើ ស៊ុត ទឹកដោះគោស្រស់ អង្ករ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងផ្ទះជាច្រើនទៀត។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ផលិតផលក្នុងស្រុកទាំងអស់ដែលបានដាក់បង្ហាញ នឹងត្រូវបានដាក់លក់បញ្ចុះតំលៃជាពិសេសរហូតដល់ ៥០% ដើម្បីទាក់ទាញអតិថិជនក្នុងស្រុកឱ្យសាកល្បង និងទិញផលិតផលទាំងនោះ។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ផលិតផលក្នុងស្រុកពុំទាន់ទទួលបានការគាំទ្រច្រើន ពីអ្នកប្រើប្រាស់ទូទៅនៅឡើយទេ ដោយសារការយល់ដឹង និងការស្គាល់ ផលិតផលក្នុងស្រុកនៅមានកម្រិតទាប បើប្រៀបធៀបទៅនឹងផលិតផលនាំចូល ខណៈពេលដែលផលិតផលក្នុងស្រុកមានគុណភាពល្អ និងការប្រកួតប្រជែងតម្លៃស្មើគ្នា ទៅនឹងផលិតផលនាំចូល។ ការសហការជាមួយផ្សារទំនើបអ៉ីអនម៉ល ក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុក គឺស្របទៅនឹងគោលការណ៍ របស់សហគ្រិនខ្មែរដើម្បីធានា និងពង្រីកទីផ្សារសម្រាប់ផលិតករកម្ពុជា»

ផ្សារទំនើបអ៉ីអនម៉លបានផ្សព្វផ្សាយផលិតផលក្នុងស្រុកចាប់តាំងពីផ្សារទំនើបអ៉ីអនម៉លភ្នំពេញបើកដំណើរការនៅឆ្នាំ ២០១៤ ។ សហគ្រិនខ្មែរ និងផ្សារទំនើបអ៉ីអនម៉ល សង្ឃឹមថា ពិព័រណ៍ក្នុងស្រុកនេះនឹងរួមចំណែកលើកកម្ពស់ និងលើកស្ទួយការយល់ដឹងអំពីផលិតផលក្នុងស្រុក ដល់អតិថិជនក៏ដូចជាលើកទឹកចិត្តដល់ផលិតករក្នុងស្រុកផងដែរ។

ទន្ទឹមនឹងនេះ ផ្សារទំនើបអ៉ីអនម៉លក៏ជំរុញ ឱ្យអ្នកផលិតរក្សាគុណភាពនៃផលិតផល ការវេចខ្ចប់ឱ្យមានភាពទាក់ទាញ និងការចុះឈ្មោះផលិតផលរបស់ខ្លួនអោយបានត្រឹមត្រូវ។ គោលបំណងទាំងនេះ គឺដើម្បីការពារសុវត្ថិភាពរបស់អតិថិជន។ ហេតុដូច្នេះហើយ សហគ្រិនខ្មែរ និងផ្សារទំនើបអ៉ីអនម៉ល សង្ឃឹមថាអ្នកផលិត មិនត្រឹមតែលក់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងមានឱកាសនាំចេញកាន់តែច្រើនទៀតផងដែរ៕