(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់ Liverpool បានបន្ថយគម្លាតពីក្រុមលេខ៤ Chelsea មកនៅត្រឹម ៤ពិន្ទុវិញ ដ្បិតពួកគេបានយកឈ្នះម្ចាស់ផ្ទះ Manchester United ក្នុងលទ្ធផល ៤-២ ក្នុងព្រឹត្តិការណ៍ Premier League នៃសប្តាហ៍ទី៣៦ ជើងទី២ នៅរំលងអាធ្រាត្រឈានចូលថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

Liverpool របស់លោក Jurgen Klopp បានឡើងមកឈរនៅលេខរៀងទី៥ ជាបណ្តោះអាសន្នវិញដោយមាន ៦០ពិន្ទុតាមពីក្រោយក្រុមលេខ៤ តោខៀវ Chelsea មកនៅត្រឹម ៤ពិន្ទុប៉ុណ្ណោះ នៅពេលដែលពួកគេសល់ ៣ប្រកួតក្នុងដៃមុនបិទរដូវកាលនេះ។

ការបរាជ័យរបស់ Chelsea ១-០ ក្រោមថ្វីជើងរបស់កាំភ្លើងធំ Arsenal កាលពីរាត្រីថ្ងៃអង្គារ វាជាការបើកផ្លូវឲ្យ Liverpool មានឱកាសប្រជែងកៅអី Top-4 ដើម្បីលេងនៅ UEFA Champions League រដូវកាលក្រោយ។

ចំណែកឯក Manchester United ដែលដណ្តើមបានកៅអី Top-4 ហើយនោះ បានបរាជ័យក្នុងផ្ទះនៅទឹកដី Old Trafford ២ប្រកួតផ្ទួនត្រឹមរយៈពេល ៣ថ្ងៃប៉ុណ្ណោះ វាបានក្លាយជាលើកដំបូងសម្រាប់ពួកគេគិតចាប់តាំងពីខែមេសា ឆ្នាំ១៩៥៨ មកក្នុងលីគកំពូលអង់គ្លេស៕