(ដកម៉ាន់)៖ Borussia Dortmund បានលើកពានរង្វាន់ German Cup ជាលើកទី៥ ក្នុងប្រវត្តិសាស្ត្រក្លិប ដែលជាការរកបានគ្រាប់បាល់ជ័យជម្នះដោយកីឡាករ Jadon Sancho និង Erling Haaland ម្នាក់ ២គ្រាប់យ៉ាងអស្ចារ្យទៅលើគូប្រជែង RB Leipzig ៤-១ នៃវគ្គផ្តាច់ព្រ័ត្រ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

នេះជាការឈ្នះពានរង្វាន់ German Cup 2020-2021 គម្រប់លើកទី៥ របស់ Dortmund ដែលបច្ចុប្បន្នស្ថិតក្នុងការដឹកនាំដោយលោក Edin Terzic ដែលជ័យជម្នះនេះធ្វើបានដោយការស៊ុតម្នាក់ ២គ្រាប់របស់កីឡាករឆ្នើមៗ Jadon Sancho និងមិត្តរួមក្រុម Erling Haaland ទៅលើ RB Leipzig ដែលធ្វើបានតែ ១គ្រាប់ដោយកីឡាករ Dani Olmo នៅនាទី៧១ ផ្ដល់ការខកចិត្តចំពោះលោក Julian Nagelsmann មុនពេលចេញទៅដឹកនាំក្រុម Bayern Munich រដូវកាលក្រោយ។

លោក Edin Terzic ដែលមានវ័យ ៣៨ឆ្នាំ និង ១៩៥ថ្ងៃនោះ បានក្លាយជាអ្នកចាត់ការទូទៅវ័យក្មេងមួយរូបក្នុងការឈ្នះពាន DFB Pokal (German Cup) បន្ទាប់ពីលោក Thomas Schaaf ដែលមានវ័យ ៣៨ឆ្នាំ និង ៤៣ថ្ងៃ បានឈ្នះកាលដឹកនាំក្រុម Werder Bremen ក្នុងឆ្នាំ១៩៩៨-១៩៩៩៕